ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទ២នាក់ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួនដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល ៖ នគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនត្រូវចោទ២នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាលពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ។ ប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី នៅចំណុចភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានទទួលមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូង ខេត្តកណ្ដាល​ចំនួន០២នាក់​ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពន្សាំង និងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចខាងក្រោម៖ ១-ឈ្មោះ ធី សុផាក់ ហៅផាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)តាមដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ៖ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង  ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដីកាលេខ ២៩៨ *ន* ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១  របស់លោក អឿន វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

ដីកាលេខ៥៥៩/២០២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់លោក ថោង ផល្លារង្សី ចៅក្រមជំនុំជម្រះនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ ជនត្រូវចោទទី២-ឈ្មោះ ឃឿន ចាន់រិត ហៅប៉ាក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ៖ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង  ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដីកាលេខ ២៩៦ *ន* ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ របស់លោក អឿន វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ ដីកាលេខ៥៦៣/២០២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់លោក ថោង ផល្លារង្សី ចៅក្រមជំនុំជម្រះ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

    ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖