ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ! លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន៣រូប ដែលត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងកន្លងមកនោះ។ ពិធីនឹងមានការ អញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានី។
សូមបញ្ជាក់ថា អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន :
១-លោក ឃ្លាំង ហួត,
២-លោក សុខ ពេញវុធ
និង៣-លោក ហ៊ុន សុរិទ្ធី ។
មុនចូលកាន់តំណែងនេះលោក ឃ្លាំង ហួត ក៏មានតំណែងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតអភិបាលខណ្ឌជ្រោយចង្វា ។ ចំណែក លោក សុខ ពេញវុធ ជាអតីតអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។ ចំណែក លោក ហ៊ុន សុរិទ្ធី ជាអតីតអគ្គនាយករងអន្តោរប្រវេសន៍។
រាជរដ្ឋាភិបាលសម្រេច :
មាត្រា ១ : មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៣រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម៖
១-លោក ឃ្លាំង ហួត ឋានន្តរស័ក្ដិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង
២-លោក សុខ ពេញវុធ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង
៣-លោក ហ៊ុន សុរិទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង ។
មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សុខ ខេមរា