ក្លិបបិសាចក្រហម Manchester United អាចអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញពី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន ចំពេលមានការព្រួយបារម្ភអំពីអារម្មណ៍របស់ខ្សែប្រយុទ្ធកំពុងប៉ះពាល់ដល់សីលធម៌នៅក្នុងជំរុំហ្វឹកហាត់។
ជំហរសាធារណៈរបស់អ្នកចាត់ការទូទៅលោក Erik ten Hag គឺថា Ronaldo វ័យ៣៧ឆ្នាំមិនមែនសម្រាប់លក់ទេ ហើយជាផ្នែកមួយនៃផែនការរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយគេព្រួយបារម្ភថា អារម្មណ៍វិជ្ជមានដ៏លើសលប់បានបង្កើតក្នុងអំឡុងពេលដំណើរប្រកួតទេសចរណ៍មុនរដូវកាលទៅកាន់ប្រទេសថៃ និងអូស្ត្រាលីបានបាត់ទៅវិញ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យាដែលគាត់បានចុះហត្ថលេខានៅពេលដែលគាត់បានត្រឡប់ទៅក្លិបពី Juventus តិចជាង១២ខែមុន ប៉ុន្តែចង់ឱ្យ Man Utd អនុញ្ញាតឱ្យគាត់ចាកចេញនៅរដូវក្តៅនេះ។
ខណៈដែលការបរាជ័យជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌ Premier League ក្រោមថ្វីជើងក្រុម Brighton និងក្រុម Brentford បានធ្វើឱ្យក្រុម Man Utd រង្គោះរង្គើយ៉ាងធ្ងន់ធ្ងរនោះ ផ្នែកនៃការបរាជ័យទាំងមូលត្រូវបានគេដាក់ទៅលើ Ronaldo។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានគេនិយាយថា មានភាពអវិជ្ជមាននៅក្នុងក្លិប ស្ទើរតែមិនទាក់ទងជាមួយមិត្តរួមក្រុមរបស់គាត់នៅក្នុងអាហារដ្ឋាន ហើយមិនមានការសម្ងាត់អំពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញ។
ប្រភពបានប្រាប់ BBC Sport ថា ពួកគេបារម្ភថានឹងមិនមានការផ្លាស់ប្តូរចំពោះបញ្ហាបច្ចុប្បន្នរបស់ Man Utd រហូតដល់ Ronaldo បានចាកចេញ ហើយមានជំនឿក្នុងចំណោមអ្នកខ្លះថា បើទោះបីជាខ្សែប្រយុទ្ធរូបនេះចាកចេញ និងគ្មានអ្នកជំនួសក៏ដោយ ការលើកកំពស់ទូទៅនឹងធ្វើឱ្យមានការប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងការប្រកួតរួម។
បញ្ហានេះលោក Ten Hag នាយកប្រតិបត្តិ Richard Arnold និងនាយកបាល់ទាត់ John Murtough កំពុងពិចារណាជាមួយគ្នាមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី១ ខែកញ្ញា។
ថ្លែងប្រាប់ Sky Sports អតីតខ្សែការពារលោក Gary Neville របស់ Man United បាននិយាយថា “មានការសម្រេចចិត្តដ៏ធំសម្រាប់ Ronaldo។ គាត់ពិតជាមិនសប្បាយចិត្តទេ បញ្ហាគឺប្រសិនបើពួកគេបាត់បង់គាត់ គ្មានអ្វីនៅសល់ក្នុងផ្នែកស៊ុតបញ្ចូលទីនៅលើទីលាននោះទេ។ ខ្ញុំគិតយ៉ាងពិតប្រាកដ ប្រសិនបើគាត់ចេញ នោះក្រុមអាចនឹងបញ្ចប់ពាក់កណ្តាលតារាង”។
ម្ចាស់ពាន Ballon d’Or ៥សម័យ Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man Utd កាលពីរដូវកាលមុន និងឈរលេខរៀបទី៣ក្នុង Premier League ប៉ុន្តែក្លិបបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ហើយខកខានក្នុងការប្រកួតជម្រុះ Champions League។
គួររំលឹកថា ក្លិប Chelsea បានបញ្ចប់ការចាប់អារម្មណ៍លើកីឡាកររូបនេះកាលពីខែមុន ខណៈដែលគាត់ក៏ត្រូវបានក្លិប Bayern Munich និង Atletico Madrid ទាក់ទងផងដែរ។ អ្នកគាំទ្រក្លិប Atletico Madrid បានជំរុញឱ្យក្លិបរបស់ពួកគេកុំចូលរួមក្នុងការពិភាក្សាជុំវិញការចុះហត្ថលេខាលើ Ronaldo ទៀតផង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Sky Sport/CNA)