ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចាប់ផ្តើមផលិតមីស៊ីលល្បឿនលឿនជាច្រើនគ្រាប់

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergie Shoigu បានប្រកាសនៅថ្ងៃទី២១ខែសីហាថា កាំជ្រួចមីស៊ីលល្បឿនលឿន Zircon របស់រុស្ស៊ីបានចាប់ផ្តើមផលិតជាបន្តបន្ទាប់មានលក្ខណៈទ្រង់ទ្រាយធំ ។
រដ្ឋមន្ត្រី Sergie Shoigu បាននិយាយទៅកាន់សារព័ត៌មាន Russia-1 TV ថា «យើងចាប់ផ្តើមផលិតមីស៊ីលល្បឿនលឿនជាច្រើន គ្រឿងប្រភេទ Zircon ក្រោយពេលដាក់មីស៊ីលទាំងនេះឱ្យប្រើប្រាស់ជាផ្លូវការនៅកម្លាំងយោធារួចមក»។
កាលពីថ្ងៃទី២១ខែកក្កដា ប្រធានាធិបតីរុស្ស៊ី លោកពូទីន
បានប្រកាសថា មីស៊ីល Zircon ត្រូវបានដាក់ពង្រាយនៅលើនាវាចម្បាំង ក្នុងនោះមាននាវាចម្បាំង Gorshkov ជាដើម។ កន្លងមករុស្ស៊ីបានផលិតមីស៊ីលល្បឿនលឿនជាច្រើនគ្រាប់ប្រភេទ Kinzhal ។ មីស៊ីល Kh-47M2 Kinzhal គឺជាមីស៊ីលល្បឿនលឿនវាយប្រហារចេញពីយន្តហោះចម្បាំង ។ ចំណែកមីស៊ីល Zircon បាញ់ចេញពីនាវាចម្បាំង។
ជាមួយគ្នានេះដែរ មីស៊ីល Zircon កំពុងតែអភិវឌ្ឍន៍បន្ថែម ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារទៅលើគោលដៅក្នុងល្បឿនយ៉ាងលឿន ដែលប្រព័ន្ធការពាររបស់សត្រូវមិនអាចវាយស្ទាក់បាន។ មីស៊ីលខាងលើមានល្បឿនដល់ទៅ១២៣០០គីឡូម៉ែត្រ ក្នុង១ម៉ោងដែលអាចវាយប្រហារគោលដៅនៅចម្ងាយ១០០០គីឡូម៉ែត្របានចំគោលដៅល្អ ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖