ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី ​៖​ «តួអង្គជោគជ័យ គឺជាតួអង្គដែលចេះស្គាល់ឱកាស ចាប់ឱកាស និងបង្កើតឱកាស»

ចែករំលែក៖

ភ្នំពេញ​៖​ ការចេះស្គាល់ឱកាស ចាប់ឱកាស បង្កើតឱកាសគឺជាកត្តាមួយយ៉ាងសំខាន់ ដើម្បីឈានដល់ការសម្រេចភាពជោគជ័យសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ នេះគឺជាប្រសាសន៍របស់លោក ហ៊ុន ម៉ានីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅអគារ The Kampus នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។ 

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក ហ៊ុន ម៉ានីបានលើកឡើងថា បច្ចេកវិទ្យា និងអុឺនធឺណិតបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នៅគ្រប់ផ្នែក និងគ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះការចាប់យកបច្ចេកវិទ្យា និងរៀនសូត្រពីបច្ចេកវិទ្យា ពិតជាសំខាន់ ចំបាច់ និងចំពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ និងការស្តារសេដ្ឋកិច្ច-សង្គម បន្ទាប់ពីវិបត្តិកូវីដ-១៩ បានវាយលុក។ 

លោក​ ហ៊ុន​ ម៉ានី​ បានបន្តទៀតថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន ក្នុងការកំណត់ភាពជោគជ័យនៃការរីកចម្រើនរបស់បច្ចេកវិទ្យា។ ក្នុងន័យនេះ ការបណ្តុះបណ្តាល « អក្ខរកម្មឌីជីថល» ពិតជាជួយជំរុញដល់ការកសាងធនធានមនុស្សដែលប្រកបដោយសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការជាមួយបច្ចេកវិទ្យាយ៉ាងពិតប្រាកដ។ 

ទន្ទឹមនឹងនេះដែរ លោក​ ហ៊ុន​ ម៉ានី​ បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់សិក្ខាកាមអោយខិតខំស្វែងយល់ និងសិក្សារៀនសូត្រអំពីការវិវត្តនៃសង្គមឌីជីថលជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនអោយរួចរាល់ក្នុងការអភិវឌ្ឍសង្គមជាតិស្របតាមបរិបទឧស្សាហកម្ម ៤.០៕

ដោយ​៖សហការី​


ចែករំលែក៖