ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារជាមួយលោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០នាទី រសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារជាមួយលោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែស។ 

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគោលបំណងនៃកិច្ចប្រជុំនារសៀលនេះ ដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការនាំចេញអង្ករកម្ពុជាទៅកាន់បង់ក្លាដែសតាមស្មារតីនៃកិច្ចប្រជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត A.K Abdul Momen រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ លោកបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ដូច្នេះហើយ លោកជឿជាក់ថា ភាគីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការអង្កររបស់ភាគីបង់ក្លាដែស។ 

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី។ លោកបន្ថែមថា បើទោះបីវិស័យកសិកម្មបង់ក្លាដែស ជាពិសេសផលិតកម្មស្រូវមានការកើនឡើងតាមរយៈការបង្កើនរដូវដាំដុះរហូតដល់ទៅ៣ដង គិតពីឆ្នាំ១៩៧១ មកដល់បច្ចុប្បន្នយ៉ាងណាក្តី ក៏ការផ្គត់ផ្គង់ មិនទាន់ធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនបង់ក្លាដែស ចំនួនជាង ១៦០លាននាក់ ដែលបង់ក្លាដែសត្រូវការនាំចូលអង្ករពី ១លាន ទៅ ១,៥លានតោនជារៀងរាល់ឆ្នាំ។ ហេតុនេះ ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនារសៀលនេះ នឹងអាចផ្តល់ឱកាសឱ្យភាគីបង់ក្លាដែសយល់ច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរលើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស។ 

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ គឺមានពីរជម្រើសសម្រាប់ភាគីបង់ក្លាដែសពិនិត្យ និងពិចារណា។ ទី១ ប្រើប្រាស់យន្តការដែលមានរួចជាស្រេច គឺសំដៅទៅលើការធ្វើកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមត្ថភាព និង​លទ្ធភាពអាចផ្គត់ផ្គងទីផ្សារតាមតម្រូវចិត្ត និងតម្រូវការនៃភាគីបង់ក្លាដែស។ សម្រាប់ជម្រើសទី២ លោករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាង ១ពាន់សហគមន៍ទូទាំងប្រទេស ហេតុដូច្នេះអ្នកវិនិយោគបង់ក្លាដែសអាចមកវិនិយោគនៅកម្ពុជា ដូចតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយបង្កើតជាឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីសហគមន៍កសិករសម្រាប់ស្តុកទុក កិន និងនាំអង្កចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជាតាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យារវាងបង់ក្លាដែសជាមួយកសិករកម្ពុជាផងដែរ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានឯកភាព ដោយប្រគល់ភារកិច្ចជូនក្រុមការងារជំនាញនៃប្រទេសទាំងពីរដែលបានបង្កើតរួចហើយ ចាប់ផ្តើមកោះប្រជុំពិភាក្សាលម្អិតបន្ថែមទៀត ក្នុងស្មារតីរួមគ្នាជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែសនាពេលខាងមុខ ៕

ដោយ ៖ សិលា


ចែករំលែក៖