ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា, លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ បានមកបំពេញទស្សនកិច្ច ការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក អាប់ឌូឡា សាហ៊ីដ នឹងអញ្ជើញជួបសម្ដែងការគួរសម ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានមហាសន្និបាត អសប. លើកទី៧៦ ក៏នឹងមានជំនួបពិភាក្សាការងារជាមួយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
ដំណើរទស្សនកិច្ចរបស់ លោក អាប់ឌូឡា សាហ៊ីដ នឹងសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនា របស់កម្ពុជានៅក្នុង អ.ស.ប ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់ អាស៊ាន និងអ.សប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្ដារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ជាដើម។ ការធ្វើឱ្យតួនាទីរបស់អ.ស.ប កាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន អ.ស.ប ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ ៕
ដោយ ៖ សិលា