ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោកស្រីពេជ កែវមុន្នី ផ្តល់​ដ្រូនកសិកម្មចំនួន៤គ្រឿ​ងតាមរយៈសមាគមយុវជនក្រុម៨ ដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម

ចែករំលែក៖

    ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលដ្រូននិងសម្ភារកសិកម្ម ព្រមទាំងសម្ភារការិយាល័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។

    លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសាកសួរសុខទុក្ខនិងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ អ្នកគ្រូលោកគ្រូ និងសហការី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើដល់វិស័យកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត ម៉ឹង មករា បានថ្លែងថា “អំណោយនេះ គឺជាការចូលរួមចំណែកជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងការធ្វើទំនើបកម្មបណ្តុះបណ្តាលលើវិស័យកសិកម្ម ដល់និស្សិតដែលកំពុងទទួលការសិក្សានៅសាកលវិទ្យាល័យនេះ”។ លោកបានបន្ថែមទៀតថា “អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍរីកចម្រើន”។ 

    លោកបណ្ឌិត មុឹង មករា បានសង្កត់ធ្ងន់ថា “ដើម្បីធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ចាំបាច់ត្រូវមានធនធានមនុស្សដែលមានជំនាញច្បាស់លាស់លើវិស័យកសិកម្ម ដើម្បីទាក់ទាញស្រូបយកការវិនិយោគលើវិស័យកសិកម្មទាំងក្នុងស្រុក និងមកពីបរទេស។ ក្នុងន័យនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្មមានតួនាទីសំខាន់ណាស់ ចំពោះវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ”។

    សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖