ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់លែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះបានសម្រេចចេញសេចត្តីជូនដំណឹងមួយធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះយានយន្ត ដែលធ្វើចរាចណ៍លើដងផ្លូវ៥០C បន្ទាប់ពីទឹកជំនន់ បានហូរកាត់ផ្តាច់ផ្លូវ ត្រង់ចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ការផ្អាកជាបណ្តោះអាសន្ននៃការធ្វើចរាចរណ៍របស់យានយន្តនេះ ដោយពិនិត្យឃើញថា កម្ពស់ទឹកទន្លេ បាននឹងកំពុងហក់ឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃដោយសារស្ថានភាពភ្លៀងខ្លាំង បានធ្វើឲ្យកំណាត់ផ្លូវលេខ៥០C ចាប់ពីចំណុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ព្រំប្រទល់ ខេត្តកំពង់ធំ ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើនិង ងាយទទួលរងការខូចខាតខ្លាំង ក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទ នៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់ ។ ដោយ មើលឃើញពីស្ថានភាពជាក់ស្តែងរបស់កំណាត់ផ្លូវ៥០C និងដើម្បីថែរក្សាការពារកំណាត់ផ្លូវ៥០Cនេះឲ្យមានសភាព ល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ត និងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួយដល់អ្នកធ្វើដំណើរឆ្លងកាត់ រដ្ឋបាលស្រុកសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការផ្អាកជាបណ្ដោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០C ចាប់ពីចំណុចផ្លូវកែងភូមិកង្កែប ឃុំ ច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើរការវិញ ៕
ដោយ ៖ ចន្ថា