ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន តែងតាំង លោក ឃឹម សំភារ ជាអភិបាលក្រុងតាខ្មៅ សង្ស័យអភិបាលក្រុងមុនមានបញ្ហាការងារ !

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរយៈអនុក្រឹត្យធ្វើឡើងនៅថ្ងៃទី២២ ខែសីហានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ពីអភិបាលក្រុងតាខ្មៅ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល ហើយតែងតាំងលោក ឃឹម សំភារ ឱ្យទៅកាន់អភិបាលក្រុងតាខ្មៅជំនួសវិញ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដោះដូរអភិបាលក្រុងតាខ្មៅ សង្ស័យជាប់ពាក់ព័ន្ធភាពអសកម្មនឹងការងារ។

លោក ឃឹម សំភារ គឺជាអតីតអភិបាលរងស្រុកខ្សាច់កណ្តាល។ បច្ចុប្បន្នបានតំណែង ជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ។ 

ក្នុងអនុក្រឹត្យមិនបានបញ្ជាក់ពីមូលហេតុនៃការដោះដូរនោះទេ។ តែជាការកត់សម្គាល់ការដោះដូរនេះ បានកើតមានឡើង បន្ទាប់ពីមានការបែកធ្លាយសារនៃសំឡេងឆ្លើយឆ្លងរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាមួយចៅសង្កាត់ ពាក់ព័ន្ធការងារមួយចំនួននៅក្នុងក្រុងតាខ្មៅ។ 

រាជរដ្ឋាភិបាលសម្រេច ៖

មាត្រា ១ : ផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល។

មាត្រា ២ : តែងតាំងលោក ឃឹម សំភារ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖