ភ្នំពេញ ៖ នារីម្នាក់សង្ស័យត្រូវថ្នាំសណ្តាំគេ រួចជនសង្ស័យពីរនោះបានល្បួងឲ្យដោះយកសម្ភារៈមានតំលៃមួយចំនួនបានសម្រេចគិតជាប្រាក់អស់ប្រហែលជា៥០០ដុល្លារ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ នឹង២០នាទីព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ រតនា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅម្តុំផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យ៣។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានដើរចេញពីកន្លែងធ្វើការដូចធម្មតាដែលនៅរោងចក្រកាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលធ្វើដំណើរមកដល់ខាងមុខរោងចក្រស្រាប់តែមានស្រ្តីពីរនាក់បានដើរមកជិតហើយបានទះស្មារខ្លួនមួយដៃ រួចក៏បានឲ្យឡើងជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកជាមួយជនសង្ស័យទាំងពីរនាក់ ហើយពួកគេក៏បានដឹកយកមកដល់ផ្លូវ២០០៤នៅម្តុំស្តុបអង្គតាមិញ ពេលនោះជនសង្ស័យទាំងពីរនាក់ បានយកខ្សែ.កកាលៃមួយខ្សែហើយប្រាប់ខ្លួនថាខ្សែ.កនេះមានតំលៃជាង១០០០ដុល្លារ បន្ទាប់មកជនសង្ស័យទាំងពីរនាក់នោះក៏បានប្រាប់ថាខ្សែ.កនេះចែកជាបីចំណែកស្មើៗគ្នា ដោយសារពេលនោះខ្លួនកំពុងតែស្រពិចស្រពិល វង្វេងស្មារតីផងនោះ ក៏ស្រាប់តែជនសង្ស័យទាំងពីរនាក់នោះបានឲ្យខ្លួនដោះខ្សែ.ក លុយ នឹងរបស់មានតំលៃដែលនៅជាប់ខ្លួនឲ្យទៅពួកគេ ដោយពួកគេប្រាប់ថាទុកខ្សែ.កដែលមានតំលៃជាង១០០០ដុល្លារនេះឲ្យខ្លួន ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានសួរនាំ នឹងបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីមកទទួលយកទៅដាក់ពាក្យបណ្តឹង តែក្រុមគ្រួសារជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះ ដោយបានប្រាប់ថាឲ្យតែកូនរបស់គាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទៅបានហើយ រួចក៏បាននាំកូនរបស់គាត់ទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនឹងព្យាបាលបន្ត។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យបានលើកឡើងថាករណីចោលួច ចោឆក់ ប្លន់ នឹងករណីដាក់ថ្នាំសណ្តាំដើម្បីយកសម្ភារៈមានតំលៃនេះតែងតែកើតមានឡើងជាញឹកញាប់ក្នុងខណ្ឌពោធិ៍សែនជ័យ តែមិនសូវដែលឃើញមានសម្ថកិច្ចបង្ក្រាបបានឡើយ មានតែប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងហើយស្ងាត់តែប៉ុណ្ណោះ ។ដូចនេះប្រជាពលរដ្ឋសូមសំណូមពរដល់លោកម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យមេត្តាជួយពង្រឹងសមត្ថភាពកូនចៅ ជួយល្បាតគ្រប់គោលដៅផង ដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមានការភ័យខ្លាច នឹងសមស្របទៅតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ ៕
ដោយ៖ និនសុភ័ស្ត