ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​អញ្ជើញ​ដឹកនាំប្រតិភូ ចូលរួមគោរពវិញាណក្ខន្ធសព មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត របស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល

ចែករំលែក៖

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​អង្គារ ១១រោច ខែ​ស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​លោក អភិបាល​រង​រាជធានីភ្នំពេញ និង​លោក​អភិបាល​ខណ្ឌ​ទួលគោក ចូលរួមគោរពវិញាណក្ខន្ធសព មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត របស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ដែលបានទទួលអនិច្ចកម្មដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ កាលពីថ្ងៃអាទិត្យ ០៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, រដ្ឋបាលរាជធានីភ្នំពេញ បានចេញ លិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ជ្រាលជ្រៅ ! ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា មហាវីរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានទទួលអនិច្ចកម្មកាលពីថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០ នាទី ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ មហាវីរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់បង់ដ៏ធំធេង នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទូត និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្តោសប្រោសប្រណី គួរជាទីគោរពស្រឡាញ់ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ឧត្តម មួយរូប ដែលពេញមួយជីវិត បានរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំបាទ សូមសម្ដែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្ដីសោកសៅជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាវីរិយាភិរ័ក្ខសិរីអង្គ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ទទូលនូវមនោសញ្ចេតនា រំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីខ្ញុំបាទ៕

ដោយ ៖ សិលា


ចែករំលែក៖