ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋច្រើនគ្រួសារនៅអមស្ទឹងសែន ឃុំកំពង់គោមានកង្វល់ពីការបាក់ស្រុតផ្ទះ ខណៈអាជីវកម្មបូមខ្សាច់មួយកន្លែងនៅតែបន្តសកម្មភាពជារៀងរាល់ថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅអមដងស្ទឹងសែន ក្នុងភូមិពពឹង និងភូមិកោះគ្របបាយ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាច្រើនគ្រួសារ មានការព្រួយបារម្ភពីការបាក់ស្រុតលំនៅឋានរបស់ពួកគាត់ ខណៈដែលអាជីវកម្មបូមខ្សាច់មួយកន្លែងនៅតែបន្តសកម្មភាពបូមជារៀងរាល់ថ្ងៃ។

ពួកគាត់មានការត្អូញត្អែរនិងដេកមិនលក់បក់មិនល្ហើយរាល់ថ្ងៃនេះគឺដោយសារតែអាជីវកម្មបូមខ្សាច់ខាងលើ ធ្វើសកម្មភាពឥតឈរទាំងយប់ទាំងថ្ងៃ វាបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បាក់ដីមាត់ស្ទឹង ថ្លង់សំឡេងបូម ជាពិសេសនោះបង្កឱ្យខូចផ្លូវថ្នល់ជាដើម ។ ហេតុដូចនេះហើយទើបពួកគាត់សំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញដែលពាក់ព័ន្ធ សូមមេត្តាដោះស្រាយជូនពួកគាត់ជាបន្ទាន់ ព្រោះកន្លងមកដោះស្រាយហាក់បីដូចជាមិនមានតម្លាភាព ឃើញថាមន្ត្រីជំនាញលំអៀងទៅខាងអាជីវកម្មបូមខ្សាច់ ដោយមិនបារម្ភពីសុខសុវត្ថិភាពរបស់បងប្អូនជាប្រជាពលរដ្ឋនោះឡើយ ឬមួយក៏រង់ចាំមានហេតុការណ៍ស្រុតរលំផ្ទះប្រជាពលរដ្ឋ ជាយថាហេតុណាមួយនោះទើបចូលរួមទប់ស្កាត់ ដូចពាក្យចាស់លោកពោលថា <<គោបាត់ទើបធ្វើរបង>> ។

លោក ឈរ ឡាយ ជំទប់ទី២ តំណាងឱ្យប្រជាពលរដ្ឋនៅភូមិពពឹងនេះ បានឱ្យដឹងដែរថា កន្លងមកប្រជាពលរដ្ឋ តែងតែមានការភ័យខ្លាច ខ្លះទៀតមកយំនៅមុខផ្ទះគាត់ក៏មាន ដោយសារតែមានការបូមខ្សាច់រយៈពេល៥ឆ្នាំហើយចម្ងាយប្រមាណ៥០០ម៉ែត្រគឺបូមនៅទីតាំងដដែលៗ  ហើយយកឡានខ្នាតយក្ស យីឌុបមកដឹកក្នុង១ថ្ងៃៗរាប់រយគូប។ ទី១-បណ្ដាលឱ្យស្រុតផ្លូវ មកទល់ពេលនេះមិនទាន់មានអាជ្ញាធរពាក់ព័ន្ធណាជួយដោះស្រាយនោះទេ និងមានកន្លែងខ្លះគឺមាត់ច្រាំងត្រូវបាក់ស្រុតបណ្ដើរៗហើយ  ទាំងនេះគឺជាហានិភ័យចំពោះពួកគាត់ខ្លាំងណាស់។

ទាំងនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកលោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំបានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងជំនាញនិងអាជ្ញាធរមូលដ្ឋានរួមទាំងម្ចាស់អាជីវកម្មផងបានធ្វើការសម្របសម្រួលចប់សព្វគ្រប់អស់ហើយ ដោយម្ចាស់អាជីវកម្មបូមខ្សាច់ធ្វើកិច្ចសន្យាប្ដូរទីតាំងកន្លែងបូមខ្សាច់នេះ ដោយកន្លងមកទទួលស្គាល់ថាមានការយល់ច្រឡំព្រំប្រទល់។

លោកណឹម ចាន់ថា បន្តឲឱ្យដឹងទៀតថា ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថាមានការបាក់ដីនៅចំណុចភូមិអូរសំបួរ គឺពុំមានការពាក់ព័ន្ធនឹងការបូមខ្សាច់នេះទេ ដោយសារតែទីតាំងនោះគឺនៅឆ្ងាយពីកន្លែងអាជីវកម្មបូមខ្សាច់ណាស់ ។

ក្នុងនោះដែរលោក សេង សំបូរ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាតំណាងអាជ្ញាប័ណ្ណ ផាន់ សុផាច បូមខ្សាច់ខាងលើ ក៏បានឱ្យដឹងដែរថា ការធ្វើអាជីវកម្មបូមខ្សាច់នេះ គឺគាត់មានអាជ្ញាប័ណ្ណទាំងអស់ អាជីវកម្មបូមខ្សាច់នេះគឺដំណើរការរយៈពេល៣ឆ្នាំហើយ ហើយរយៈពេលនេះ តែងតែប្រគល់កញ្ចប់ថវិកាទៅអាជ្ញាធរភូមិឃុំដើម្បីជួសជុលផ្លូវនេះនិងកសាងឱ្យជាញឹកញាប់ផងដែរ។

    ក្នុងនោះដែរ លោក សេង សំបូរបញ្ជាក់ឱ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលនៅទីនេះ បើមានផលប៉ះពាល់អ្វីសូមប្រាប់លោកដើម្បីធ្វើការកែប្រែបញ្ចៀសនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ គឺរូបលោកមិនគេចវេះនោះទេ៕

ដោយ៖ កែវមុន្នី


ចែករំលែក៖