ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុករមាសហែកអំពាវនាវដល់អាជីវករលក់ដូរអមផ្លូវជាតិលេខ១៣នៅផ្សារសំរោងសូមមកលក់តាមទីកន្លែងដែលអាជ្ញាធរបានរៀបចំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរអមផ្លូវជាតិលេខ១៣ នៅផ្សារសំរោង សូមមកលក់តាមទីកន្លែងដែលអាជ្ញាធរបានរៀបចំដើម្បីរក្សាសោភណភាពសណ្ដាប់ធ្នាប់និងសុវត្ថិភាព។

    ការអំពាវនាវបែបនេះធ្វើឡើងនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២បន្ទាប់ពីលោកអភិបាលស្រុករមាសហែកចុះពិនិត្យផ្លូវចាក់បេតុងសរសៃដែកដែលមានទំហំ ទទឹង១១ម៉ែត្រ៥០ម៉ែត្រនិងបណ្តោយ៥០ម៉ែត្រនៅចំណុចផ្សារសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង។

    លោកស៊ូ ម៉ុលបន្តថា ផ្លូវចាក់បេតុងសរសៃដែកនេះគឺជាចំណងដៃរបស់លោក ហែម ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលឃុំអង្គប្រស្រែ ព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។

    ចំពោះផ្លូវចាក់បេតុងសរសៃដែកនេះគឺមានទំហំទទឹង១១ម៉ែត្រកន្លះ និង បណ្តោយ៥០ម៉ែត្រ នៅចំណុចផ្សារសំរោង ឃុំអង្គប្រស្រែ( ចាប់ពីកែងផ្លូវជាតិលេខ១៣ ទៅរកវត្តពាំងព្រីង )ដើម្បីបង្កភាពងាយស្រួលក្នុងធ្វើដំណើរនិងតាំងលក់បន្លែ ត្រីសាច់ជាដើម។

    លោកអភិបាលស្រុកបានបន្ថែមថាដោយឡែកផ្លូវក្រាលថ្មមិចបន្តពីផ្លូវបេតុងនេះដែលមានទទឹង៩ម៉ែត្រ បណ្តោយជាង៣០០ម៉ែត្រគឺបានមកពីការចលនាចូលរួមរបស់ស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ។

   សូមបញ្ជាក់ថា សម្រាប់ផ្លូវបេតុងនេះ ចែកចេញជាពីរ គឺទុកសម្រាប់ធ្វើដំណើរមានទទឺង៦ម៉ែត្រ នៅសល់ទាំងសងខាង៥,៥ម៉ែត្រទុកសម្រាប់បងប្អូនដាក់តាំងទំនិញលក់ដូរ៕

ដោយ៖ សុថាន


ចែករំលែក៖