សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៥ខែសីហា បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីមីយ៉ាន់ម៉ាដែលបានឱ្យដឹងថា កម្លាំងសន្តិសុខបានចាប់ខ្លួនលោកស្រី Vicky Bowman អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រី Vicky Bowman ដែលកំពុងតែធ្វើការនៅមជ្ឈមណ្ឌល ទទួលខុសត្រូវក្រុមហ៊ុនមីយ៉ាន់ម៉ា (MCRB) និងស្វាមី គឺលោក Htein Lin ក៏ជាអតីតអ្នកនយោបាយក៏ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ខែសីហានេះដែរ ។ នៅពេលនេះគេមិនទាន់ដឹងថា អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទអ្វីនោះទេ ហើយត្រូវចាប់ខ្លួនយូរប៉ុនណាឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ទាំងពីរនាក់ប្តីប្រពន្ធលោកស្រី Vicky Bowman ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង Insein ក្នុងទីក្រុងYangon ហើយអាចចោទប្រកាន់ពីបទបំពានច្បាប់អន្តោប្រវេសន៍។
នៅពេលនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់វិភាគអ្វីជុំវិញការចាប់ខ្លួនខាងលើនៅឡើយទេ ។ ក្នុងពេលជាមួយគ្នានេះអ្នកនាំពាក្យឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការចាប់ខ្លួនលោកស្រី Vicky Bowman ។ ស្ថានទូតនឹងទំនាក់ទំនងជាមួយមន្ត្រីក្នុងតំបន់ ស្តីពីបញ្ហាខាងលើ។
លោកស្រី Vicky Bowman បានកាន់តំណែងជាឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០០២-២០០៦ ហើយមានរយៈពេលជាង៣០ឆ្នាំដដែលលោកស្រីធ្វើការនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ចំណែកស្វាមីរបស់លោកស្រី គឺលោក Htein Lin គឺជាតារាដ៏ល្បីមួយរូបនិងជាសកម្មជននយោបាយធ្លាប់ត្រូវបានចាប់ដាក់គុកនៅឆ្នាំ១៩៩៨-២០០៤ ដោយសារតែប្រឆាំងរបបដឹកនាំដោយយោធា៕ ដោយ៖ ធីរីណា
រូបថត៖ MCRB
រូបថត៖ Bloomberg