ព័ត៌មានទាន់ហេតុការណ៍៖

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រៀបធៀបទណ្ឌិត សម រង្ស៊ី ដូចសេះងាប់គ្មានអ្នកយកចិត្តទុកដាក់

ចែករំលែក៖

ភ្នំពេញ៖ ឆ្លើយទៅនឹងសំណួររបស់ អ្នកសារព័ត៌មានក្នុងស្រុកដែលសួរទាក់ទងនឹងការប្រកាសចង់វិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ត្រូវបាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន លើកឡើងដោយប្រៀបធៀបលោក សម រង្ស៊ី ដូចសេះមួយក្បាលដែលងាប់មិនអាចប្រើប្រាស់បាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់ទៀតផង។ 

    សូមបញ្ជាក់ថា ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ហើយបានផ្សព្វផ្សាយជាភាសាអង់គ្លេសលើកដំបូងនៅកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា៖ «យើងមិនវ៉ៃសេះងាប់ទេ! អ្វីដែលយើងឃើញជាក់ស្ដែង យើងឃើញទាំងថ្នាក់ជាតិនិងអន្តរជាតិ គេមិនយកចិត្តទុកដាក់នឹងគាត់ទេ!»។

   សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែសីហា ព្រះរាជអាជ្ញា សេង ហៀង បានចេញដីកាកោះហៅលោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៧រូបផ្សេងទៀតឱ្យចូលបន្ទប់សវនាការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីជាកំហិត ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់បទល្មើសរួមគំនិតក្បត់ដែលបានប្រព្រឹត្តបទល្មើសរួមគំនិតក្បត់កាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

   ទណ្ឌិតដែលជាប់ទោសរាប់មិនអស់នៅកម្ពុជា សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែសីហា បានសរសេរនៅលើហ្វេសបុ៊ក

ផេករបស់លោកថា លោកនឹងមករាជធានីភ្នំពេញវិញតាមដីកាកោះរបស់តុលាការ តែលោកស្នើដល់នាយករដ្ឋមន្ត្រីកម្ពុជាលើកបម្រាម៣ចំពោះគាត់ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោកចូលប្រទេសបាន បើកព្រំដែនថៃឱ្យលោកចូលស្រុក និងអនុញ្ញាតដល់ពលរដ្ឋខ្មែរដែលគាំទ្រលោកចេញទៅគាំទ្រលោកផង។

   ចំណុចនេះត្រូវបានលោកផៃ ស៊ីផាន ចាត់ទុកថាជានយោបាយព័ត៌មាន និងមានចេតនាចង់ឱ្យនាយករដ្ឋមន្ត្រីឆ្លើយតបដើម្បីកេរ្តិ៍ឈ្មោះរបស់សម រង្ស៊ី ឡើងមកវិញតែប៉ុណ្ណោះ។

    លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា៖ «គេចង់ឱ្យសម្ដេច (នាយករដ្ឋមន្ត្រី) ឆ្លើយតប។ ដូច្នេះវាគ្មានផលប្រយោជន៍អីទេ ព្រោះសេះវាងាប់ហើយ យើងមិនដែលវ៉ៃសេះងាប់ហ្នឹងឱ្យគេចាប់អារម្មណ៍ទេ»។

    សូមជម្រាបជូនថា លោក សម រង្ស៊ី មានគម្រោងត្រលប់មកកម្ពុជាវិញម្ដងរួចមកហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបានរារាំងដោយរដ្ឋាភិបាលក្រោយបានដឹងពីផែនការផ្ដួលរំលំតាមរយៈផែនការវិលត្រលប់នេះ រួមមានសកម្មភាពញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការបះបោរប្រឆាំងរដ្ឋាភិបាល ញុះញង់ឱ្យពលរដ្ឋងើបបះបោរប្រឆាំងរដ្ឋាភិបាល និងការរៃអង្គាសថវិកាចិញ្ចឹមកម្លាំងខុសច្បាប់ដើម្បីគាំទ្រសកម្មភាពនេះ។

   អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរលើទំព័រហ្វេសបុ៊ករបស់លោកកាលពីឆ្នាំ២០២១ថា៖ «អំពើនិងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភស្តុតាងទាំងនេះមួយចំនួនអាចរកបានដោយងាយស្រួល ព្រោះទណ្ឌិតសម រង្ស៊ី និងបក្ខពួកបានប្រើប្រាស់ហ្វេសប៊ុកនិងបណ្តាញសង្គមដទៃទៀតធ្វើជាមធ្យោបាយដើម្បីបង្ហោះសារញុះញង់ និងបម្រើឱ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ»។

   ផែនការនេះហើយដែលធ្វើឱ្យមនុស្សជិត៦០នាក់ជាប់គុក និងមានឈ្មោះជាប់គុកដែលតុលាការរាជធានីភ្នំពេញបានប្រកាសសាលក្រមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

    សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ហាក់មានសារជាតិដូចឪពុករបស់ខ្លួន ដែលជំនាញខាងបំប៉ោងសង្គម ប្រជាភិថុតិ បង្កើតព័ត៌មានក្លែងក្លាយ ភូតកុហក ប្រជាពលរដ្ឋ រៃអង្គាសលុយពីក្រៅប្រទេស ដើម្បីតែប្រយោជន៍បក្ខពួកប៉ុន្មាននាក់ ធ្វើនយោបាយ សម្ងំតែសុខនៅស្រុកគេ ខណៈខ្លួនឯងអត់បើកភ្នែកមើលថាតើ កម្ពុជាបច្ចុប្បន្នមានសន្តិភាព ការអភិវឌ្ឍដល់កម្រិតណា?  ករណីខ្លះបង្ហោះ facebook ចេញមកតែស្ទីលដដែលៗ ខាងបំប៉ោង បង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិតធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ តែឥតប្រយោជន៍ទេ សង្គមបច្ចុប្បន្ន ប្រជាពលរដ្ឋគាត់ស្គាល់សារជាតិទណ្ឌិត សម រង្ស៊ី ច្បាស់ណាស់ថាជាជនក្បត់ជាតិ៕

ដោយ៖ សិលា


ចែករំលែក៖