ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋានកំភ្លើងធំកងទ័ពជើងគោក ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រារព្វពិធី បិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស ។
លោក ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានផ្តាំផ្ញើដល់ប្អូនៗ ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត លើការសិក្សារៀនសូត្រគ្រប់ជំនាញ វិជ្ជាជីវៈ ដើម្បីក្លាយជាអ្នកបន្តវេន ទៅថ្ងៃអនាគត និងបានជំរុញនាយទាហាន ពលទាហាន ត្រូវចូលរួមថែរក្សា សុខសន្តិភាព មិនអនុញ្ញាតិឲ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមាន សន្តិភាពមកដល់ពេលនេះដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារ ការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន និងចូលរួមគាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ជារៀងរហូត និងគាំទ្រសេចក្តីសម្រេចជាឯកច្ឆន្ទជ្រើសតាំង លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានាយករដ្ឋមន្ត្រីនាពេលអនាគត។ ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួង សុខាភិបាល ៣កុំ និង ៣ការពារឲ្យបានជាប់ជាប្រចាំ ដើម្បីចៀសផុតពីការឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បានឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល ដល់វគ្គហ្វឹកហ្វឺននេះផងដែរ៕
ដោយ៖ សហការី