ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយនាយកប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica) លោក Rho Hyun jun នារសៀលថ្ងៃទី ២៥ សីហា ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ជាការពិតណាស់ម្ចាស់ជំនួយតែងចង់ឲ្យ អ្នក ទទួលជំនួយអាចងើបឈរឡើងដោយ ខ្លួនឯង។ ដូច្នេះយើងមិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តនោះឡើយ ។
លោកអភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណៈកូរ៉េ តាម រយៈស្ថានទូតកូរ៉េ និងទីភ្នាក់ងារKoica កូរ៉េដែលបានជួយដល់ការអភិវឌ្ឍន៍ កម្ពុជា ដោយឡែកការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកហើយលើវិស័យទឹកស្អាត,សុខាភិបាល,ការបណ្តុះបណ្តាលវិជ្ជាជីវៈ ,ការងារចរាចរជាដើមដែលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េបានឈានដល់ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
លោកអភិបាល បានជំរាបជូនពី ស្ថានភាពទូទៅនៃដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញក្រោយពីទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ពិសេសការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាពធ្វើឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញ។
លោកRho Hyun jun បានសម្តែងមោទនភាពក្នុងពេលដែលលោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញរយៈពេល៣ឆ្នាំកន្លងមកគឺមានភាពកក់ក្តៅណាស់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក្តី។
លោកលើកឡើងថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយការបានធ្វើសកម្មភាពជួយដល់ប្រទេសនានាចំនួន២៧ប្រទេស។កម្ពុជាជាប្រទេស អាទិភាពទាំង៦នៅអាស៊ីដែលកយការចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍន៍។ការពិភាក្សាបានផ្តោតសំខាន់ទៅលើការស្នើសុំគម្រោងលើកកំពស់សេវា សុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញដែលបានដាក់ ឯកសារបន្ថែមទៅកាន់ទីភ្នាក់ងារ KOICA កាលពីថ្ងៃទី១៧សីហា ឆ្នាំ២០២២ បន្ទាប់ ពីគម្រោងជ្រើសរើសជាគម្រោងអាទិភាពក្នុងការផ្តល់ហិរញ្ញប្បទានសំរាប់ឆ្នាំ២០២៤ដើម្បីឲ្យមន្ទីរពេទ្យនេះអាច មានសមត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែពេញលេញ៕
ដោយ ៖ សំរិត