ភ្នំពេញ ៖ ក្រសួង សម្រេចបាននូវការអភិវឌ្ឍគម្រោងចំនួន ២១៨គម្រោង ដោយប្រើប្រាស់ថវិកាជាតិប្រមាណ ១៦៥លានដុល្លារអាមេរិក និងបានពង្រីក ការស្រោចស្រពលើផ្ទៃដីប្រមាណ ១២៣ ០១៥ ហិកតា ។ បើតាមសេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងធនធានទឹក”។
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម» ដែលមានវាគ្មិនចូលរួមគឺ៖
លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងមន្ត្រីជំនាញជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ
ខ្លឹមសារនៃសន្និសីទសារព័ត៌មាន មានគោលបំណងពន្យល់ ផ្សព្វផ្សាយដល់សាធារណជនឱ្យ បានជ្រាបច្បាស់អំពី ការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលសម្រេចបាន សមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួល បាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយថាមពលរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
I. សេចក្តីផ្តើម
ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តនូវភារកិច្ច ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលគឺ បន្តការជំរុញអភិវឌ្ឍន៍ និងការអនុវត្តផែនការគ្រប់គ្រងធនធានទឹកចម្រុះដើម្បីពង្រីកការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់តាមតម្រូវការ កាត់បន្ថយជាអតិបរិមានូវហានិភ័យបណ្តាលពី គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងធានាសន្តិសុខទឹករយៈពេលវែង។
II. សមិទ្ធផលសំខាន់ៗ
សមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន រយៈពេលកន្លងមក រួមមាន៖
ការអភិវឌ្ឍធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ៖ ក្រសួង សម្រេចបាននូវការអភិវឌ្ឍគម្រោងចំនួន ២១៨គម្រោង ដោយប្រើប្រាស់ថវិកាជាតិប្រមាណ ១៦៥លានដុល្លារអាមេរិក និងបានពង្រីក ការស្រោចស្រពលើផ្ទៃដីប្រមាណ ១២៣ ០១៥ ហិកតា ក្នុងនោះ រដូវវស្សា ៨១ ៨៦៣ ហិកតា រដូវប្រាំង ៤១ ១៥២ហិកតា និងដំណាំរួមផ្សំបានចំនួន ៤ ៣៩៩ ហិកតា។ ដោយឡែក ចំពោះ ការអភិវឌ្ឍដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ហិរញ្ញវត្ថុរួមមាន៖ សាធារណរដ្ឋ ប្រជាមានិតចិន មាន៣គម្រោង ស្រោចស្រពបាន ១៧ ០០០ ហិកតា ស្តុកទឹកបាន ២៥៧ លានម៣, សាធារណរដ្ឋកូរ៉េ មាន ៣គម្រោង ស្រោចស្រពបាន ៧៣ ៥០០ ហិកតា ស្តុកទឹកបាន ១៧៧ លាន(ម៣), ជប៉ុន មាន ០១ គម្រោង ស្រោចស្រពបាន ១៣ ៩៩៣ ហិកតា, អូស្ត្រាលី ចំនួន ០៥ គម្រោង ស្រោចស្រពបាន ៦ ៩២៧ ហិកតា, ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានចំនួន ០៣ គម្រោង ស្រោចស្រពបាន ៧៨៦០ហិកតា និងគម្រោងរបស់ធនាការអភិវឌ្ឍន៍អាស៊ី (ADB) មាន៖ គម្រោងគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងមហាអនុតំបន់ ទន្លេមេគង្គ ចំនួន ០១ គម្រោង, គម្រោងគ្រប់គ្រងធនធានទឹក និងប្រព័ន្ធធារាសាស្ត្រនៅតំបន់ ខ្ពង់រាប មានចំនួនចំនួន ០៣ គម្រោង, គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម ចំនួន ០៤ គម្រោង, គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ចំនួន ០៩ គម្រោង និង គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករធន់នឹងអាកាសធាតុ ចំនួន ០៩គម្រោង ដែល គម្រោងទាំងអស់នេះ បានជួយបង្កើនលទ្ធភាពនៃការរំដោះទឹកជំនន់ និងការស្រោចស្រពដើម្បី ជំរុញផលិតកម្មដំណាំរបស់ប្រជាកសិករ ជាពិសេសគឺនៅក្នុងរដូវប្រាំង។
– ក្រសួងបានរៀបចំឱ្យមានគម្រោងជួសជុលថែទាំ និងកិច្ចដំណើរការប្រព័ន្ធធារាសាស្រ្តជាប្រចាំ និងខួប បានរក្សានិរន្តរភាពនៃការស្រោចស្រពបានចំនួន ៦៩១ ២២១ហិកតា និងបានបង្កើត សហគមន៍កសិករប្រើប្រាស់ទឹកចំនួន ៧៨សហគមន៍ មានចំនួន ៤១ ៦២១គ្រួសារ ផ្ទៃ ដីស្រោចស្រព ២៤២ ៧៤១ហិកតា ព្រមទាំងបានពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក នេះ បានចំនួន ១៤៣កន្លែង។
-ការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់៖ ក្រសួងបានសាងសង់ទំនប់ការពារទឹកជំនន់ ១ គម្រោង ស្ថិតក្នុងខេត្តកណ្តាល និងជួសជុលទំនប់ទឹកចំនួន ៥គម្រោងផ្សេងទៀត ដែលទំនប់ ទឹកទាំងនេះ មានលទ្ធភាពការពារលំនៅស្ថានប្រជាពលរដ្ឋស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្ត កណ្តាលប្រមាណជាង ១ម៉ឺនខ្នងផ្ទះ, សាងសង់ និងជួសជុលទំនប់ការពារទឹកប្រៃប្រមាណ ២១ គម្រោង ស្ថិតក្នុងខេត្តកោះកុង និងព្រះសីហនុ ដើម្បីរក្សានិរន្តរភាពការពារទឹកប្រៃ និងការពារផ្ទ ដីប្រមាណជាង ៣ម៉ឺនហិកតា ព្រមទាំងបានសាងសង់ប្រព័ន្ធធារាសាស្ត្រ និងម៉ាស៊ីនបូមទឹក សម្រាប់អន្តរាគមន៍សង្គ្រោះស្រូវ និងដំណាំនៅពេលជួបគ្រោះរាំងស្ងួត ដែលមានផ្ទៃដីស្រោច ស្របបានជាង ៤០ម៉ឺនហិកតា។
-ការគ្រប់គ្រងព័ត៌មានជលសាស្រ្ត និងឧតុនិយម ក្រសួងបានខិតខំប្រឹងប្រែងក្នុងការទទួល ព័ត៌មាន និងព្យាករអំពីកម្ពស់ទឹកតាមដងទន្លេ ការប្រែប្រួលអាកាសធាតុ ក្នុងការផ្សព្វផ្សាយ ជូនសាធារណៈ ដើម្បីត្រៀមខ្លួនរួចជាស្រេចនៅពេលមានគ្រោះថ្នាក់ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ជាដើម ដោយក្រសួងបានសាងសង់ស្ថានីយជលសាស្រ្ត និងឧតុនិយមស្វ័យប្រវត្តិ, ដំឡើងម៉ែត្រវាស់កម្ពស់ទឹក, ដំឡើងអង់តែនទិន្នន័យពីផ្កាយរណប និងប៉ុស្តិ៍តម្រង់ទឹកភ្លៀង។
III. ទិសដៅការងារបន្ត
ក្រសួងបានដាក់ចេញនូវគោលដៅសំខាន់ៗ មួយចំនួន ដើម្បីធានាបាននូវសន្តិសុខទឹក ទាំង បរិមាណ ទាំងគុណភាព ក្នុងក្របខ័ណ្ឌអាងទន្លេ ស្ទឹង និងប្រភពទឹកទាំងអស់ ដើម្បីចូលរួមចំណែក ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ រួមមាន៖
-បន្តគ្រប់គ្រងធនធានទឹកឱ្យបានល្អប្រសើរទាំងនៅពេលមានទឹកជំនន់ និងពេលជួបគ្រោះរាំងស្ងួត
-បន្តអភិវឌ្ឍទំនប់អាងស្តុកទឹកនៅតាមបណ្តាស្ទឹងសំខាន់ ដែលមានសក្តានុពលបន្តធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ
-ពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសំណង់ការងារទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។
-IV. សម្គាល់
បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចនូវលទ្ធភាពក្នុងការស្រោចស្រពលើ ផ្ទៃដីសរុបចំនួន ១ ៨៨៩ ១១២ហិកតា លើផ្ទៃដីសរុប ៣ ០៧៨ ២២០ហិកតា ស្មើ ៦១,៣៧%។ ក្នុង នោះ ក្រសួងបានអភិវឌ្ឍទំនប់អាងស្តុកទឹក និងសំណង់ស្ទាក់ទឹកធំៗកាត់ស្ទឹងបង្កើនលទ្ធភាពគ្រប់គ្រង ទឹកជំនន់បានចំនួន ៣កន្លែង ដែលអាចស្តុកទឹកបានចំនួន ៤៥៥លានម៉ែត្រគូប បន្ថែមទៀត នៅរដូវប្រាំង។ បន្ថែមពីនេះ ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកាត់បន្ថយទឹកជំនន់ តាមរយៈ ការស្ដារ សាងសង់បន្ថែមនូវទំនប់ទឹក អាងស្តុកទឹក ដោយជាក់ស្តែង ក្នុងស្ទឹងព្រែកត្នោត បានបង្កើន លំហូរទឹកអតិបរមាចំនួន ១ ៣៥០ម៣ ក្នុងមួយវិនាទី ដែលអាចបង្កើនលទ្ធភាពរំដោះទឹកជំនន់ន ផ្នែកខ្លះក្នុងរាជធានីភ្នំពេញ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល៕
ដោយ ៖ សុខ ខេមរា