ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងស្អាត សំរាមតាមដងផ្លូវទីសាធារណៈលែងមាន ការដោះស្រាយវិវាទដីធ្លីនៅរាជធានី ត្រូវបានដោះស្រាយយ៉ាងល្អ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ទីក្រុងស្អាត សំរាមតាមដងផ្លូវទីសាធារណៈលែងមានទៀតហើយ  ការដោះស្រាយវិវាទដីធ្លីនៅរាជធានី ត្រូវបានដោះស្រាយយ៉ាងល្អ ។ ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី តំណាង ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ។

    ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ឆ្នាំ២០២៤ ព្រឹត្តិការណ៍ សាទរកម្ពុជា និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ កន្លងមកនេះ ។

    ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា៖ កន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថាន ក្នុងព្រឹត្តិការណ៍ធំៗចំនួន ៣បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤,ព្រឹត្តិការណ៍ សាទរកម្ពុជា  និងព្រឹត្តិការណ៍ អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥។ បន្ថែមពីនេះសមាជិកក្រុមប្រឹក្សាសរសើររដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ក្រោយពិធីបុណ្យធំៗចប់យើងឃើញថាទីក្រុងស្អាតមានបរិស្ថានល្អលែងមានសំរាមតាមផ្លូវនិងទីសាធារ ណៈទៀតហើយ។ ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏បានអនុវត្តបានល្អ។ ចំណែកការផ្តល់សេវាតាមច្រកចេញ ចូលតែមួយវិញក៏បានអនុវត្តបានល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

     ឯកឧត្ដម  កើត ឆែ អភិបាលរងរាជធានី បានមានប្រសា សន៍លើកឡើងថា៖ ការកោតសរសើររបស់សមាជិកក្រុមប្រឹ ក្សារាជធានីភ្នំពេញ លើការងាររបស់អាជ្ញា ធររាជធានីភ្នំពេញ នេះគឺជាជាការលើកទឹកចិត្ត ដូចជាផ្ដល់កម្លាំងចិត្តឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបាន បំពេញការងារកាន់តែល្អបន្តទៀត។

  ឯកឧត្ដម កើត ឆែ បានបន្តទៀតថា៖ ការងារចំពោះមុខនេះ ថ្នាក់ជាតិនឹងទំលាក់ការងារចំនួន២ទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្តទៀត នោះគឺ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ អនឡាញនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។     

      ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា៖ នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.)នឹងចុះMOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះMOUជាមួយគ្នាហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

     សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ក្នុងនោះរួមមាន៖ លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែន សុខ ត្រូវបានតែងតាំងឱ្យកាន់ មុខតំណែងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញនិងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់ មុខតំណែងជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស៕ 

ដោយ ៖ សំរិត


ចែករំលែក៖