នៅពេលដែលខ្ញុំឮ សាមាននិយាយដល់ឈ្មោះមិត្តវ៉ាន់ភ្លាម ខ្ញុំសែនក្នាញ់និងចង់ខឹងជាមួយសាមាន ថែមទៀត។ ខ្ញុំតបទៅសាមាន វិញថា តើឲ្យគ្នាយកមិត្តវ៉ាន់មកធ្វើជាប្ដីយ៉ាងម៉េចទៅសាមាន !បើគាត់ងាកភ្លឹកៗ បន្តិចសន្លប់ៗ តើឱ្យធ្វើការឬចិញ្ចឹមគ្រួសារយ៉ាងម៉េចទៅ? គ្នាក៏អាណិតគាត់ដែរ ប៉ុន្តែឲ្យគ្នារៀបការជាមួយគាត់យ៉ាងម៉េច បើគ្នាគ្មានចិត្តអ្វីបន្តិចសោះទៅលើគាត់នោះ។ ពេលនោះហ៊ាបក៏ពោលកាត់សំដីរបស់ខ្ញុំថា ហើយចុះមិត្តឯងចង់បានយ៉ាងម៉េចទៅ រូបរាងសមរម្យហើយតើ កម្ពស់ក៏បាន សម្បុរក៏ស មុខរាងពងក្រពើ ហើយឃើញថាសមរម្យហើយប៉ុណ្ណឹងនោះ កុំរើសច្រើនពេក ទោះបីជាមិត្តវ៉ាន់ឧស្សាហ៍សន្លប់ដោយសារតែរោគរបស់គាត់កាលទៅច្បាំងនៅសមរភូមិនោះក៏ដោយ ក្រែងថ្ងៃណាមួយគាត់ជាសះស្បើយឡើងវិញ តើឯងមិនគិតស្តាយក្រោយទេអី? ។ ស្ដាប់សម្ដីមិត្តហ៊ាបមិនទាន់ចប់ផង ខ្ញុំនិយាយទាំងគំហកថា និយាយទៅនិយាយមក តើឯងទាំងពីរចង់ឲ្យខ្ញុំយកមិត្តវ៉ាន់ជាប្ដីមែនទេ? តើមិត្តវ៉ាន់ឲ្យឯងទាំងពីរមកធ្វើជាមេអណ្ដើកឬ ? ហ៊ាបបានបដិសេធថា មិនបានធ្វើជាមេអណ្ដើកឲ្យខ្ញុំនោះទេ។ ហ៊ាប កាន់តែចង់ដឹងថាតើខ្ញុំគិតដោះស្រាយដូចម្ដេចដែរប្រសិនបើអង្គការបង្ខំឲ្យខ្ញុំរៀបការជាមួយមិត្តវ៉ាន់។ យើងពិភាក្សាគ្នាចុះឡើងចំពោះរឿងទាំងអស់នេះរួចហើយ ក៏នាំគ្នាដកដង្ហើមធំឲ្យធូរស្បើយក្នុងចិត្ត។ យើងចាំស្ដាប់ព័ត៌មានបន្តទៀតនឹងមិនទាន់សម្រេចចិត្តភ្លាមៗនោះទេ ។ យើងរង់ចាំមើលខ្លាចក្រែងអង្គការមានការផ្លាស់ប្ដូរផែនការផ្សេងទៀត។ និយាយចប់យើងក៏នាំគ្នាសម្រាកទៅ។ សាមាន និងហ៊ាប នាំគ្នាដេកលង់លក់។ ចំណែកឯខ្ញុំវិញ ចេះតែគិតវិលវល់រកចម្លើយមិនឃើញសោះ។ អារម្មណ៍របស់ខ្ញុំចេះតែនឹកឃើញសំដីដែលមិត្តវ៉ាន់បានគំរាមកាលពីម្សិលមិញ។ ការគំរាមកំហែងរបស់មិត្តវ៉ាន់នៅតែងំក្នុងត្រចៀករបស់ខ្ញុំ ថែមទាំងរំជួលចិត្តរបស់ខ្ញុំឲ្យភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំគិតរហូតដល់ឮសំឡេងមាន់រងាវទើបខ្ញុំលង់លក់បានបន្តិច។
ព្រឹកឡើង ពេលព្យាបាលអ្នកជំងឺរួច ប្រធានពេទ្យបានប្រកាសព័ត៌មានប្រាប់ថា នៅមន្ទីរពេទ្យព្រឹកថ្ងៃស្អែក អង្គការនឹងមានការចាប់គូឲ្យរៀបការ។ ដូច្នេះសិស្សនារីពេទ្យទាំងអស់ ត្រូវរៀបចំខ្លួនឲ្យបានស្អាតដើម្បីត្រៀមចាំមិត្តយោធាដែល ទើបតែត្រឡប់មកពីសមរភូមិជ្រើសរើសនារីពេទ្យធ្វើជាប្រពន្ធ ហើយសូមពួកយើងចូលរួមកុំខានឲ្យសោះ។ ខ្ញុំគ្មានព្រលឹងនៅក្នុងខ្លួនទាល់តែសោះបន្ទាប់ពី ឮការប្រកាសនេះ។ ខ្ញុំគិតថា ម្ដងនេះខ្ញុំច្បាស់ជាគេចពីមិត្តវ៉ាន់មិនបានឡើយ។ តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ ដើម្បីអាចគេចផុតពីការចាត់តាំងរបស់អង្គការបាន។ ខ្ញុំកំពុងតែភ្លឹកនឹកគិតដល់រឿងនេះ ស្រាប់តែ សមាន បានមកខ្សឹបប្រាប់ខ្ញុំថា ពេលបាយថ្ងៃត្រង់យើងជួបគ្នាបន្តិចដើម្បីពិភាក្សារឿងនេះ។ សាមាន និយាយរួចខ្ញុំបានងក់ក្បាលតបទៅសាមាននិងហ៊ាបវិញដោយអារម្មណ៍របស់ខ្ញុំមិននៅក្នុងខ្លួនទេ។ នៅពេលហូបបាយជុំគ្នាថ្ងៃត្រង់ខ្ញុំបានចាប់ផ្ដើមខ្សឹបតិចៗទៅកាន់ពួកគេល្មមតែអ្នកអង្គុយជុំវិញខ្លួនរបស់ខ្ញុំមិនអាចឮថា ខ្ញុំមិនអាចយកមិត្តវ៉ាន់បានទេ ខ្ញុំសម្រេចចិត្តថា យប់នេះខ្ញុំនឹងរត់ទៅមន្ទីរសន្តិសុខបាក់អាយហើយ តើពួកឯងគិតយ៉ាងណាដែរ? ឯងនិយាយថាម៉េច? រត់ ? តើឯងរត់រួចដែរឬ?សាមានបានតបមកខ្ញុំវិញទាំងធ្វើភ្នែកស្លឺសម្លឹងមកខ្ញុំ ។ ខ្ញុំឆ្លើយតបទៅវិញថា រួចឬមិនរួចក៏ជាការបង្ហាញថាយើងមិនព្រមទទួលមនុស្សដែលយើងមិនស្រឡាញ់ដែរ។ បើអង្គការចាប់បានយកទៅដាក់ទោសបែបណា ចាំគិតទៀត ប៉ុន្តែខ្ញុំឆ្ងល់ថា គ្រាន់តែមិនព្រមរៀបការសោះ ហេតុដូចម្ដេចបានជាមានទោសរហូតដល់ថ្នាក់កសាងនោះ? គំនិតលួចរត់របស់ខ្ញុំក៏បានចាក់ចំបេះដូងមិត្តរបស់ខ្ញុំ។ទាំង ៦ នាក់។ ម្នាក់ៗហូបបាយផងគិតផងថា តើត្រូវធ្វើដូចម្ដេច?ពេលនោះហ៊ាបបានបញ្ចេញយោបល់មុនគេថា មិត្តឯងកុំរត់អីណា កុំទៅចោលខ្ញុំបានទេ បើឯងរត់តើពួកយើងគិតយ៉ាងណា?សាមាន ក៏បន្ថែមទៀតដែរថា គ្នាពួកយើងទាំងអស់ ៧ នាក់សុទ្ធតែត្រូវបានគេផ្ដោតអារម្មណ៍អស់ហើយ។ កងទ័ពបានស្នើប្រធានពេទ្យទៅហើយថា សុំពួកយើងរៀបការឲ្យបាន។ គ្នាគិតថាបើយើងរត់អាចនឹងស្លាប់ក៏ថាបានដែរ រឿងរត់នេះខ្ញុំហាក់ដូចជាមិនសូវហ៊ានទេ មិត្តឯងគិតម្ដងទៀតមើលក្រែងអាចរកផ្លូវដោះស្រាយបាន។ គិតក៏គិត! ចាំល្ងាចក្រែងមានពន្លឺខ្លះ។ ខ្ញុំចេះតែឆ្លើយតបឲ្យរួចពីមាត់តែប៉ុណ្ណោះប៉ុន្តែតាមការពិតខ្ញុំបានសម្រេចចិត្តថានឹងលួចរត់ក្នុងយប់នេះហើយ។បន្ទាប់ពីហូបបាយរួចយើងសម្រាកបន្តិច ។ ពេលរសៀលខ្ញុំបានទៅរៀននៅឯសាលាពេទ្យធម្មតាដើម្បីកុំឲ្យមានការសង្ស័យ។បន្ទាប់ពីហូបបាយល្ងាចរួច ខ្ញុំបានរៀបចំអីវ៉ាន់ទុករួចជាស្រេចដើម្បីរត់ទៅមន្ទីរសន្តិសុខ បាក់អាយដែលនៅឆ្ងាយពីភូមិក្រូចប្រហែល ៦គីឡូម៉ែត្រ។ ម៉ោងប្រហែល ៨យប់ បរិវេណផ្ទះស្នាក់នៅរបស់ខ្ញុំមានសភាពស្ងាត់ជ្រងំ ងងឹតមើលផ្លូវសឹងតែមិនឃើញ។កងឈ្លបតែងតែដើរលបយកការជានិច្ចគ្រប់ទីកន្លែងនៅពេលយប់។ខ្ញុំភ័យខ្លាំងណាស់ ប៉ុន្តែដើម្បីអនាគត ខ្ញុំត្រូវតែរត់ចេញពីទីនេះឲ្យបាន។ (នៅមានត)