ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទ ល្មើសជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេលពីថ្ងៃ ទី២ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជាច្រើនករណី ដោយឃាត់ខ្លួនជនសង្ស័យសរុបជាង ៤០នាក់ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ រួមមាន ៖

-អំពើលួចកាត់ខ្សែភ្លើង

-លួចម៉ូតូ

-ឆក់ទូរស័ព្ទ

-កាន់កាប់អាវុធខុសច្បាប់

-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

-អំពើប្លន់ និងកំហែងយកទ្រព្យសម្បត្តិ ។

កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីលួចកាត់ខ្សែភ្លើងជាបន្តបន្ទាប់នៅអគារជីនប៉ី១ និងអគារហ័ងឡឹក ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់÷

-បង្ក្រាបករណីលួចម៉ូតូ និងលួចទ្រព្យសម្បត្តិ ឃាត់ខ្លួនជនសង្ស័យ ៥នាក់

-បង្ក្រាបករណីឆក់ទូរស័ព្ទ ឃាត់ខ្លួនជនសង្ស័យ ៤នាក់

-បង្ក្រាបករណីកាន់កាប់អាវុធខ្លីកែច្នៃដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ២នាក់

-បង្ក្រាបករណីក្មេងទំនើងប្រើហិង្សាគប់ដុំថ្មដាក់គ្នា ឃាត់ខ្លួន ៤នាក់

-បង្ក្រាបករណីហិង្សាក្នុងគ្រួសារ ឃាត់ខ្លួន ១នាក់ បង្ក្រាបករណីលួច RAM កុំព្យូទ័រ ឃាត់ខ្លួនជនជាតិហ្វីលីពីន ១នាក់ ។

ដោយឡែក កម្លាំងជំនាញក៏បានស្រាវជ្រាវបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយដាវបណ្តាលឱ្យរបួសធ្ងន់) ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណី ប្លន់ប្រាក់ ៥,០០០ដុល្លារ និងទូរស័ព្ទ ឃាត់ខ្លួនជនជាតិចិន ៥នាក់ និងករណី ប្រើអាវុធភ្ជង់ប្លន់យកម៉ូតូ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៣នាក់ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូត និងប្រគល់ជូនម្ចាស់ដើមវិញនូវទ្រព្យសម្បត្តិជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទដៃ ប្រាក់ និងសម្ភារផ្សេងៗ ព្រមទាំងដកហូតអាវុធខ្លី ដាវ ឧបករណ៍ប្រព្រឹត្តបទល្មើស និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ខណៈបក្ខពួកមួយចំនួនដែលនៅសេសសល់ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ៕


ចែករំលែក៖