ភ្នំពេញ៖ ក្រុមហ៊ុនមួយមានឈ្មោះថា វែងសេង ហ្រ្គីន ត្រូវបានមន្ត្រីជំនាញខេត្តកំពង់ស្ពឺរកឃើញថា បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយសារត្រូវបានគេរកឃើ ញថាដឹកជញ្ជូនសំរាម សំណល់គ្រាប់ និងសំបកស្វាយ ទៅចាក់ចោលពាសវាលពាសកាល ប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅស្រុកគងពិសី ។
មន្ត្រីជំនាញបានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៦នេះថា ក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អាជ្ញាធរ និងប្រជាពលរដ្ឋ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងបានរកឃើញ ទីតាំងទី លានចាក់សំរាមមួយកន្លែង ក្នុងភូមិសាស្រ្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុនវែងសេងហ្រ្គីន បានដឹកសំរាម និងសំណល់ស្វាយ(សំបកនិងគ្រាប់) មកចាក់ចោលពាសវាលពាសកាល លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ព្រមទាំងមានក្លិនអាក្រក់ ប៉ះពាល់ដល់បរិស្ថានសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ។
មន្ត្រីជំនាញបានឱ្យដឹងដែរថាការចោលសំរាមពាសវាលពាសកាលគឺជាទង្វើល្មើស ទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលតម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍សងការខូចខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់នេះជាបន្ទាន់។
ប្រភពដដែលនេះឱ្យដឹងផងថា មន្ត្រីជំនាញ ខេត្តកំពង់ស្ពឺតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់យកសំណល់ស្វាយ(សំបកគ្រាប់ និងទឹក) ទៅចាក់លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ចាប់ពីពេលនេះតទៅ ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយ។ក្រៅពីនេះក៏ត្រូវ ផ្តល់សំណងការខូចខាត ត្រូវស្តារការខូចខាតបរិស្ថានឡើយវិញ ដោយក្រុមហ៊ុន ត្រូវប្រមូលសំណល់ស្វាយ(សំបកនិងគ្រាប់) ដែលបានចាក់លើដីប្រជាពលរដ្ឋ និងដីសាធារណៈ យកទៅដាក់នៅទី លានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេស និងស្តារគុណភាពដី ចាប់ពីពេលនេះ មានរយៈពេលមួយសប្តាហ៍។ ករណីក្រុមហ៊ុនមិនបានអនុវត្តតាម មន្ត្រីជំនាញនឹងសម្រេចផ្អាកចេញលិខិតសម្រាប់អាជីវកម្ម៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច