ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ នៃទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា (CBSA) ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែកមរា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី យូ បូរិន នាយការិយាល័យនគរបាលអន្តរជាតិកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Samantha Hanes អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគម្រោង នាយកដ្ឋានភាពជាដៃគូ និងគោលនយោបាយអន្តរជាតិ នៃទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា(CBSA) នៅទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណងនៃជំនួបខាងលើ គឺដើម្បីសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ចរបស់អង្គភាព INTERPOL កម្ពុជា នៅច្រកទ្វារអន្តរជាតិតាមព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ និងការបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគីជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ជាមួយគ្នានេះ តាមរយៈជំនួបពិភាក្សាគ្នានេះ ភាគីកាណាដា អាចនឹងរកឃើញវិស័យជាអាទិភាពដែល CBSA អាចជួយគាំទ្រដល់នគរបាលជាតិកម្ពុជា មានដូចជា៖ ការបណ្តុះបណ្តាលកសាងសមត្ថភាព ឬជំនួយជាមធ្យោបាយឧបករណ៍សម្ភារផ្សេងៗ។

ក្រៅពីការធ្វើបទបង្ហាញស្តីអំពីតួនាទី និងភារកិច្ចរបស់ INTERPOL កម្ពុជា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ជូនគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសគឺបញ្ហាបទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ មានដូចជា៖ អំពើជួញដូរ និងរត់ពន្ធមនុស្ស អំពើឆបោកឆ្លងដែន។

ភាគីកាណាដា បានទទួលយកនូវព័ត៌មានដែលផ្តល់ជូនដោយភាគីកម្ពុជា និងបានសន្យាយកសំណូមពររបស់ភាគីកម្ពុជាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា ទៅសិក្សានៅក្នុងគម្រោងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលកាណាដា៕

ដោយ ៖ សិលា


ចែករំលែក៖