សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥បានផ្សាយថា ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បានបង្កឱ្យឆាបឆេះពេញមួយផ្នែកធំនៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបំផ្លាញផ្ទះសម្បែង និងនាំឱ្យកកស្ទះចរាចរណ៍ ខណៈមនុស្ស ៣០ ០០០នាក់ត្រូវជម្លៀសខ្លួនចំពេលមានផ្សែងក្រាស់គ្របដណ្តប់ទីប្រជុំជនជាច្រើន។
យ៉ាងហោចណាស់ផ្ទៃដី ១ ១៨២ហិកតានៃសង្កាត់ Pacific Palisades ស្ថិតនៅចន្លោះបណ្តោយឆ្នេរនៃទីក្រុង Santa Monica និងទីក្រុង Malibu ត្រូវបានឆាបឆេះ។ ស្របពេលដែលភ្លើងឆេះរីករាលដាល ក្រុមមន្ត្រីនិយាយថា ស្ថានភាពខ្យល់បក់ខ្លាំងអាចនឹងកើតឡើងពេញមួយយប់ ដែលនាំឱ្យមានការព្រួយបារម្ភថា អ្នករស់នៅតាមសង្កាត់ច្រើនទៀតអាចនឹងត្រូវបង្ខំឱ្យជម្លៀសខ្លួន។ ក្រោយមក ទីក្រុង Santa Monica បានបញ្ជាឱ្យមានការជម្លៀសនៅតំបន់ភាគខាងជើង។
លោក Kristin Crowley ប្រធានផ្នែកពន្លត់អគ្គិភ័យនៅទីក្រុង Los Angeles បានប្រាប់សន្និសីទសារព័ត៌មានដោយបន្ថែមថា មនុស្សជាង ២៥ ០០០នាក់រស់នៅផ្ទះ ១០ ០០០ខ្នង បានរងការគំរាមកំហែង។ ក្រុមពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់តាមឧទ្ធម្ភាគចក្រ ខណៈអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ។
នៅសង្កាត់ Pacific Palisades មានផ្ទះរបស់តារាហូលីវូដមួយចំនួន។ ខ្យល់បក់ខ្លាំងនៅ Los Angeles ក៏បានផ្លាស់ប្តូរផែនការធ្វើដំណើររបស់ប្រធានាធិបតី លោក ចូ បៃដិន ទៅកាន់តំបន់ជ្រលងភ្នំ Coachella ដើម្បីចូលរួមពិធីសាងសង់វិមានជាតិថ្មីចំនួនពីរ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ BBC