ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើកទី៥ “Cambodia-Australia Consumer Protection Partnership” រវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្ត្រាលី-ACCC តាមរយៈប្រព័ន្ធអនឡាញ (MS Team)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយពិភាក្សាលើវឌ្ឍនភាពការងារ និងសមិទ្ធផល ដែលសម្រេចបានលើវិស័យការពារអ្នកប្រើប្រាស់នៅកម្ពុជា ក៏ដូចជាទិសដៅ អនុវត្តការងារបន្តនៅក្នុងរង្វង់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។
ក្នុងកិច្ចប្រជុំនេះដែរ ក៏បានលើកឡើងពីការអញ្ជើញមកដល់របស់អ្នកជំនាញការ អូស្ត្រាលី (Expert Placement) ដែលនឹងមកចែករំលែកបទពិសោធន៍នៅ អគ្គនាយកដ្ឋាន ក.ប.ប. នៅក្នុងខែកញ្ញា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
ជាមួយគ្នានោះ អគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា ក្នុងនាមជាអង្គភាពអនុវត្តច្បាប់ បាននឹងកំពុងសិក្សា និងពិនិត្យលទ្ធភាពដើម្បីចូលជាសមាជិកអង្គការ ICPEN។ ក្នុងនោះដែរ ប្រទេស អូស្រ្តាលី មានបំណងជួយគាំទ្រ និងជួយអំពាវនាវដល់ប្រទេស ជាសមាជិក៤ផ្សេងទៀត ដើម្បីជួយដល់ប្រទេសកម្ពុជាបានចូលជាសមាជិករបស់ ICPEN ផងដែរ៕
ដោយ៖សហការី