ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមជាចុងភៅម្នាក់បានស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់និងសង្វេគបន្ទាប់ពីមានក្រុមជនសង្ស័យជាច្រើននាក់ព្រួតវាយនឹងដំបងទីប រួចហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ នៅមុខកាសុីណូ៦៧ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះយឿង មិនទៀង ជនជាតិវៀតណាម អាយុ៣៤ឆ្នាំ មុខរបរចុងភៅ មានទីលំនៅខេត្តហាយយឿង ប្រទេសវៀតណាម។
ចំណែកក្រុមជនសង្ស័យដែលគេស្គាល់ថាជាជនជាតិវៀតណាមដែរនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេខណៈក្រោយកើតហេតុពួកគេបានរត់គេចខ្លួនបាត់ភ្លាមៗ បន្សល់តែជនរងគ្រោះដេកស្លាប់តាមផ្លូវគួរឱ្យសង្វេគ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះដែលជនជាតិវៀតណាមបានយកទូរស័ព្ទរបស់ខ្លួនទៅបញ្ចាំនៅហាងមួយកន្លែងដើម្បីយកលុយទៅលេងល្បែងក្នុងកាសុីណូ បន្តទៀត។
ប្រភពបន្តថា ក្រោយមកក៏មានក្រុមជនសង្ស័យប្រមាណ៤ទៅ៥នាក់បានដើរចូលទៅនិយាយគ្នាជាមួយជនរងគ្រោះ។ បន្ទាប់មកមិនដឹងជាមានរឿងអ្វីទេស្រាប់តែជនមួយក្រុមនោះព្រួតគ្នាយកដំបងទីបវាយយ៉ាងសន្ធាប់ទៅលើជនរងគ្រោះ រួចហើយក៏នាំគ្នារត់រត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចបានទៅដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសអោយខាងតែបានខណៈមានកាមេរ៉ាសុវត្ថិភាពមានវីដេអូពីសកម្មភាពរបស់ក្រុមជនទាំងនោះវាយទៅលើជនរងគ្រោះផងដែរ៕
ដោយ៖ សុថាន