ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ,លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ,នាយឧត្តមសេនីយ៍ ,មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ,លោក លោកស្រី អភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
យោងតាមលិខិតអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងក្នុងនាមសម្ដេចផ្ទាល់ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ ជ្រាបថា ក្នុងរយៈពេលប្រមាណជាង មួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្តឹងពីជនបរទេស និងស្ថាន តំណាងបរទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំ ស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថាជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជា បទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសំណើ និងពាក្យបណ្តឹងទាំងនោះ ករណីភាគច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគ និងបានផ្ដល់ការសម្របសម្រួលនីតិវិធី ដើម្បីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមការកំណត់ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ជាក់ស្ដែង គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។
ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ច ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ជាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ជាតិ) នៅក្នុងខេត្ត ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែម ទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។
ទន្ទឹមនេះ ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្ដល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះ ត្រូវបានចាត់ ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពី ក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ហាពីក្រុមឧក្រិដ្ឋជន។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចពិតជា មានការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ សម្ដេចក្រឡាហោម ក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្តល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេល កន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត “គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជ ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។ ក្នុងន័យនេះ សម្ដេចក្រឡាហោម ស ខេង សូមធ្វើការអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេស ពាក់ព័ន្ធ សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ការផ្តល់ព័ត៌មានអាចធ្វើទៅបានតាមរយៈ៖
១-គេហទំព័រ Facebook៖ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister
២-លេខទូរសព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ: ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥
៣-គេហទំព័រ Facebook៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police
៤-គេហទំព័រ Facebook៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI
បន្ថែមពីនេះ សម្ដេចក្រឡាហោម សង្ឃឹមយ៉ាងមុតមាំថា សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធន បណ្តាប្រទេសជាមិត្ត នឹងបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ៕
ដោយ៖ស តារា