ខេត្តបន្ទាយមានជ័យ ៖ ហាក់ដូចជាហួសហេតុពេកហើយដែលមានព្រះសង្ឃមួយអង្គបានបើករថយន្តកាមរីឆ្លាមក្នុងសភាពស្រវឹង រេចង្កូតទៅបុករថយន្តម៉ាកឡិចស៊ីស RX300 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងការខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។ បុគ្គលសង្ឃបែបនេះ គ្មានការគិតពិចារណាដល់ សាសនារបស់ជាតិទាល់តែសោះ។
សូមបញ្ជាក់ថា ករណីលោកសង្ឃស្រវឹងស្រាបើកបរឡាននេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគាររុងរឿង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស RX300 ពាកស្លាកលេខ ភ្នំពេញ 2J-8522 បានបើកបរតាមបណ្តោយជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2L-0874 បានបើកបរក្នុងទិសដៅបញ្ច្រាសគ្នាដោយប្រើល្បឿនលឿន បានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុករថយន្តឡិចស៊ីសពីខាងក្រោយចំហៀងខាងឆ្វេងបណ្តាលឱ្យរងការខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសទេ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ គេឃើញកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះទៅសម្រួលចរាចរណ៍ និងធ្វើការវាស់វែងឃើញអ្នកបើកបររថយន្តម៉ាកកាមរីឆ្លាមដែលចេញពីរថយន្តជាព្រះសង្ឃ២អង្គគង់ខាងមុខ ក្នុងនោះព្រះសង្ឃ១អង្គគង់នៅខាងឆ្វេងជាអ្នកបើកបររថយន្ត និងស្ត្រីម្នាក់អង្គុយខាងក្រោយ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននិមន្តព្រះសង្ឃ២អង្គ នោះនិងស្ត្រីម្នាក់ឡើងរថយន្តប៉ូលិសទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋានគរបាលខេត្តដែរដើម្បីដោះស្រាយគ្នាតាមច្បាប់។
សមត្តកិច្ចបានឱ្យដឹងទៀតថា ក្រោយនិមន្តព្រះសង្ឃ២អង្គ និងស្ត្រីម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្ត ហើយនៅពេលកម្លាំងជំនាញបានធ្វើតេស្តក្នុងចំណោមព្រះសង្ឃ២អង្គនោះមានព្រះសង្ឃ១អង្គមានជាតិអាល់កុលហើយជាអ្នកបើកបរទៀត និងជាចៅអធិការវត្តប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ និងស្ត្រីម្នាក់មកជាមួយគឺជាម្តាយរបស់ព្រះអង្គ។
តាមប្រភពខាងលើបានបន្តថា មុនពេលគ្រោះថ្នាក់កើតឡើង ព្រះសង្ឃទាំង២អង្គបាននិមន្តមកពីវត្តប៉ោយអង្គរ ឃុំតាគង់ ស្រុកម៉ាឡៃ នាំម្តាយមកលេងវត្តស្វាយចាស់ ដោយបើករថយន្តចេញមកក្រៅចូលហាងក្បែរផ្លូវ រហូតដល់ព្រលប់ទើបដឹកម្តាយត្រឡប់ទៅផ្ទះនៅស្រុកម៉ាឡៃវិញ។ លុះពេលបើកបរចេញមកក៏បុកជាមួយរថយន្តឡិចស៊ីសបណ្តាលឱ្យរងការខូចខាតទាំងសងខាងតែម្តងទាំងសង្ឃជាអ្នកបើកបរនោះស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ។
អង្គភាពមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ គួរសិក្សាក្នុងករណីនេះ ថា តើព្រះសង្ឃដែលបានប្រព្រឹត្តទង្វើបែបនេះសមជាអ្នកបួសប្រកាន់ខ្ជាប់ខ្ជួននូវការប្រតិបត្តិសាសនាព្រះពុទ្ធដែរឬទេ ? ៕
ដោយ ៖ សហការី