ភ្នំពេញ ៖ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហការជាមួយរដ្ឋបាលខណ្ឌនិងគណៈគ្រប់គ្រងសាលា ។
នៅក្នុងពិធីនេះ លោកអភិបាលខណ្ឌ ថ្លែងអំណរគុណដល់ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីរួមចំណែកក្នុងការថែរក្សាសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សនិងបង្រៀនដល់ សិស្សានុសិស្សអោយចេះសម្អាតមាត់ធ្មេញដោយខ្លួនឯង ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ ផ្តាំផ្ញើឲ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បី អនាគត របស់ខ្លួន ទៅថ្ងៃមុខ ។ជាពិសេស ត្រូវ ធ្វើខ្លួនឲ្យក្លាយទៅជា សិស្សល្អមិត្តល្អនិងកូនល្អ ជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងផ្សេងៗដែលនាំឲ្យអន្តរាយដល់ខ្លួន នឹងត្រូវអនុវត្តតាម ការបង្ហាត់បង្រៀនណែនាំ ពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានចុះមក ព្យាបាល ជំងឺមាត់ធ្មេញ សម្អាតអនាម័យមាត់ធ្មេញដល់ក្មួយៗ ។
លោកអភិបាលខណ្ឌ បានបន្តថា ក្មួយៗគឺជាទំពាំងស្នងឫស្សី ដែលត្រូវបន្តវេន ដូច្នេះហើយ អ្វីដែលសំខាន់សំរាប់ក្មួយៗគឺត្រូវ ខិតខំរៀនសូត្រ យកចំណេះវិជ្ជា ពិតប្រាកដ ព្រោះថាចំណេះវិជ្ជានេះ គឺជាទ្រព្យសម្បត្តិ ដ៏សំខាន់ណាស់សម្រាប់អនាគតរបស់ក្មួយៗ ។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានណែនាំឱ្យក្មួយត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស និងឱ្យបានគ្រប់ៗគ្នាព្រោះវ៉ាក់សាំងនេះប្រៀបដូចជាអាវុធសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយសូមកុំភ្លេចត្រូវអនុវត្តជាប្រចាំតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺ ៣កុំ ៣ការពារ ក្មួយៗគ្រប់គ្នានឺងជៀសផុតពីជំងឺកូវីដ-១៩ ៕
ដោយ ៖ សណ្តោស