ព័ត៌មានទាន់ហេតុការណ៍៖

ឆេះស្រឡាងដឹកមនុស្ស៨២នាក់ នៅក្នុងប្រទេសហ្វីលីពីន

ចែករំលែក៖

ស្រឡាងដឹកអ្នកដំណើរ៨២នាក់ បានឆាបឆេះក្នុងពេលត្រៀមចូលចតនៅកំពង់ផែភាគខាងត្បូងទីក្រុងម៉ានីល កាលពីថ្ងៃទី២៦ខែសីហា។ ក្រុមជួយសង្គ្រោះកំពុងតែស្វែងរកអ្នកបាត់ខ្លួនដោយសារតែការឆេះ។
កម្លាំងការពារដែនសមុទ្រហ្វីលីពីនបានឱ្យដឹងថា មានមនុស្ស៧៣នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ ក្នុងពេលនេះដែរ ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកបាត់ខ្លួន។ ស្រឡាងខាងលើបានចាកចេញពីទីក្រុង Calapan ខេត្ត Oriental Mindoro ឆ្ពោះទៅទីក្រុងម៉ានីល។
រូបភាពបង្ហាញឱ្យឃើញថា ផ្សែងខ្មៅផុះចេញពីស្រឡាងនៅជិតនាវាផ្សេងទៀតដែលចតនៅកំពង់ផែ Batangas មានចម្ងាយ១គីឡូម៉ែត្រ ។ មូលហេតុនៃការឆេះមិនទាន់ដឹងនៅឡើយ ក្រុមជំនាញកំពុងបើកការស្រាវជ្រាវ ។
តាមការលើកឡើងរបស់សាក្សីដែលនៅរស់បានឱ្យដឹងថា ផ្សែងខ្មៅនិងអណ្តាតភ្លើងបានផុសចេញពីបន្ទប់ទីពីរក្នុងស្រឡាង ហើយដែកស្រឡាងក្តៅខ្លាំងធ្វើឱ្យអ្នកដំណើរត្រូវលោតចុះទៅក្នុងទឹកសមុទ្រ។
គ្រោះថ្នាក់ផ្លូវទឹកតែងតែកើតឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយសារតែមានខ្យល់ព្យុះកើតឡើងជាបន្តបន្ទាប់ជាមួយនឹងការដឹកលើសចំណុះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ HanoiTV

រូប​ថត​ ៖​ PNO


ចែករំលែក៖