ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការច្បាប់ លើសកម្មភាពប្រមូលផ្ដុំរបស់ក្រុមលោក ខឹម វាសនា បើដល់ថ្ងៃទី៣០ ខែសីហា នៅតែមិនព្រមរំសាយ ខណៈមានការប្រមូលផ្ដុំដល់ប្រមាណ២មុឺននាក់ !

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ខឹម វាសនា បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរួចមក ក៏មានពលរដ្ឋជិត២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ មកកាន់តំបន់ជើងភ្នំគូលែនយ៉ាងកុះករ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់វិលត្រឡប់មកកម្ពុជាវិញដែរ ដោយបោះបង់ការងារដែលកំពុងធ្វើផងដែរ។ 

តួលេខបញ្ជាក់ថា បច្ចុប្បន្នមានមនុស្សចំនួនជិត ២ម៉ឺននាក់ហើយ នៅមិនទាន់រំសាយនៅឡើយទេ ដែលជាហេតុបង្កការព្រួយបារម្ភដល់អាជ្ញាធរអំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ បរិស្ថាន និងអនាម័យសាធារណៈ ដែលទាមទាឱ្យអាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និងសហការគិតគូរដោះស្រាយ។

សូមរម្លឹកផងដែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងមក លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។

ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែន ពលរដ្ឋកើនឡើងជិត ២ម៉ឺននាក់ហើយ ខណៈអាជ្ញាធរនៅពុំទាន់មានវិធានការនៅឡើយ។

ក្នុងកិច្ចប្រជុំ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅលោកទៅផ្ទាល់ និងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានចុះទៅពិនិត្យម្ដងរួចមកហើយ ព្រមទាំងបានបញ្ជាឲ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំនិងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋជាបន្ទាន់ ក៏ប៉ុន្តែការបញ្ជានោះត្រូវបានលោក ខឹម វាសនា បដិសេធ ហើយស្នើសុំពន្យាពេលរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំបានពិនិត្យពិភាក្សាទៅលើហេតុការណ៍ និងសភាពការណ៍មួយចំនួន ដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា មានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់រត់មកជ្រកកោននៅម្តុំដីចំការរបស់លោក មានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

លោក ទៀ សីហា បានចាត់ទុកសកម្មភាពរបស់លោក ខឹម វាសនា ថាជាទង្វើខុសច្បាប់ និងកំពុងធ្វើសកម្មភាពឲ្យប្រជាពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលមានពលករខ្មែរ និងកូរ៉េរាប់ពាន់នាក់ បានសម្រុកមកជួបជុំតាមការលើកឡើងរបស់លោក។

ទន្ទឹមនឹងនោះ កិច្ចប្រជុំបានពិភាក្សាជំរុញដល់គ្រប់អង្គភាពមន្ទីរស្ថាប័ន សហការរួមគ្នាផ្អែកលើជំនាញដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យ បរិស្ថានសាធារណៈ បញ្ហាជំងឺរាតត្បាត និងផលប៉ះពាល់សំខាន់ៗជាច្រើន និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅផងដែរ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នឹងត្រៀមដើម្បីរៀបចំវិធានការច្បាប់ប្រឆាំង នឹងសកម្មភាពប្រមូលផ្ដុំរបស់ក្រុមលោក ខឹម វាសនា ប្រសិនជាហួសពេលកំណត់ហើយមិនព្រមរំសាយ៕

ដោយ ៖ សហការី


ចែករំលែក៖