កន្លងមកថ្មីៗតំបន់និរតីប្រទេសចិន ប្រឈមនឹងរលកកម្តៅ មិនធ្លាប់មានពីមុនមក បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ ក្នុងពេលនេះតំបន់ទាំងនោះប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា តំបន់ភាគនិរតីនៃប្រទេសចិន ដែលបានទទួលរងនូវសីតុណ្ហភាពក្តៅខ្លាំង ក្នុងខែសីហានេះ ឥឡូវនេះបានប្រកាសអាសន្នសម្រាប់គ្រោះទឹកជំនន់ ចំពេលមានភ្លៀងធ្លាក់ខ្លាំងវិញម្តង។ ភ្លៀងធ្លាក់ខ្លាំងកំពុងកើតមាន ក្នុងតំបន់ដែលជាមជ្ឈមណ្ឌលផលិតកប្បាស ដ៏សំខាន់របស់ប្រទេសចិន គឺទីក្រុង Chongqing និងតំបន់ក្បែរៗនោះនៅក្នុងខេត្ត Sichuan ដែលកន្លងមកទើបតែទទួលរងអាកាសធាតុក្តៅខ្លាំងពីធម្មតា។
ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃ២៨ខែសីហាចុងសប្តាហ៍កន្លងទៅ ហើយបើតាមការព្យារក ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ នឹងមានឥទ្ធិពលខ្លាំងទៅលើផ្នែកខាងកើត និងនិរតីនៃខេត្តស៉ីឈួន ព្រមទាំងភាគខាងជើងទីក្រុងឆុងឈីង។ រដ្ឋាភិបាលក៏បានចាប់ផ្តើមចំណាត់ការឆ្លើយបន្ទាប់ ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ នៅខេត្តស៉ីឈួន និងទីក្រុងឆុងឈីង ចាប់តាំងពីយប់ថ្ងៃ២៨ខែសីហាកន្លងទៅផងដែរ។
ផ្នែកជាច្រើននៃភាគខាងត្បូងប្រទេសចិន បានស្ថិតក្រោមសីតុណ្ហភាពលើសពី ៤០អង្សាសេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាចន្លោះពេលដែលត្រូវបានចាត់ទុកថាក្តៅបំផុត គិតចាប់តាំងតែពីរដ្ឋាភិបាលចិន បានចាប់ផ្តើមកត់ត្រាទិន្នន័យនេះ កាលពីឆ្នាំ១៩៦១៕ ដោយ៖ ធីរីណា
រូបភាព ៖ TTXVN-VNA