ក្លិប Nottingham Forest បានចុះហត្ថលេខាលើខ្សែការពារ Renan Lodi របស់ក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។កីឡាករប្រេស៊ីលអាយុ២៤ឆ្នាំរូបនេះគឺជាកីឡាករទី១៨របស់ពួកគេនៅរដូវក្តៅសម្រាប់ក្រុមដែលទើបឡើងតំណែងថ្មី។
Lodi បានចូលរួមជាមួយ Atletico Madrid ក្នុងឆ្នាំ២០១៩ ហើយបានលេង១១៨ប្រកួតសម្រាប់ក្រុមរបស់លោក Diego Simeone ដោយឈ្នះពាន La Liga ក្នុងឆ្នាំ២០២១ និងបានលេង២៧ដងក្នុងក្របខ័ណ្ឌ Champions League ។
គាត់បានជួយក្រុមឈ្នះពានរង្វាន់ចំនួន១៥សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១៩។ក្លិប Nottingham Forest កំពុងឈរនៅលេខរៀងទី១៤ក្នុង Premier League បន្ទាប់ពីចាញ់ Tottenham ក្នុងលទ្ធផល ២–០ កាលពីថ្ងៃអាទិត្យ។
ថ្លែងមុនការប្រកួតលោក Steve Cooper អ្នកចាត់ការទូទៅរបស់ក្លិបNottingham Forest បាននិយាយថា “យើងចង់ឈានដល់ចំណុចមួយ នៅពេលដែលទីផ្សារដោះដូរបិទ ដែលយើងមានគម្របល្អសម្រាប់គ្រប់មុខតំណែង ប៉ុន្តែក៏ជាបញ្ហាប្រឈមសម្រាប់គ្រប់មុខតំណែងផងដែរ” ។
លោកបន្តថា “យើងចង់ផ្តល់ឱ្យខ្លួនយើងនូវឱកាសដ៏ល្អបំផុតដើម្បីអាចប្រកួតប្រជែង។ នោះគឺជាអ្វីដែលយើងកំពុងព្យាយាមធ្វើ។ ខ្ញុំចង់ទទួលបានសំណួរអំពីចំនួនកីឡាករដែលយើងបានចុះហត្ថលេខា ជាជាងមិនបានចុះហត្ថលេខាគ្រប់គ្រាន់ ព្រោះវាបង្ហាញថាយើងមានមហិច្ឆតាត្រឹមត្រូវ។ យើងនៅតែឆ្លងកាត់ដំណើរការនេះនៅពេលដែលបង្អួចបិទ សង្ឃឹមថាយើងមានកីឡាករគ្រប់គ្រាន់នៅក្នុងក្រុមរបស់យើងដើម្បីគ្របដណ្តប់មុខតំណែងនីមួយៗ ដូច្នេះយើងមានបរិយាកាសប្រកួតប្រជែងនៅលើទីលានហ្វឹកហាត់”។
ក្រុម Nottingham Forest នឹងធ្វើការធ្ងន់ដោយត្រូវប៉ះក្រុម Manchester City នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៣១ ឈានចូលថ្ងៃទី១ ខែកញ្ញាខាងមុខ ក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី៥ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)