ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការអញ្ជើញដាំកូនឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

ចែករំលែក៖

ខេត្តតាកែវ ៖  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដាំកូនឈើប្រណិត និងសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើប្រណិត ស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ។ 

 នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាការដ្ឋានអង្គរក្សបានប្រើប្រាស់កងកម្លាំងចំនួន ១.២០០នាក់ និងគ្រឿងចក្រជាង១០០គ្រឿង ក្នុងភារកិច្ចឈូសឆាយឫសឈើ ដាំកូនឈើប្រណិត ជីកអាងស្តុកទឹកសម្រាប់ស្រោចស្រពកូនឈើនៅរដូវប្រាំង និងដាំបង្គោលរបងការពារសត្វ ដែលរហូតមកពេលនេះសម្រេចបានប្រមាណ ៨៥ភាគរយហើយ។ 

មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានសម្ដែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលក្រៅពីភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ នៅបានបំពេញការងារយ៉ាងសកម្ម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ 

 នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ជាក់ស្តែងក្នុងពេលនេះដោយមានការទំនុកចិត្តពីសម្តេចតេជោ កងកម្លាំងរបស់បញ្ជាការដ្ឋានអង្គរក្សបានចូលរួមដាំដើមឈើឡើងវិញ ដែលជាកិច្ចការដ៏សំខាន់ក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ប្រែក្លាយជាឧទ្យានឈើប្រណិតដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ។

ក្នុងដំណើរចុះដាំកូនឈើ និងសួរសុខទុក្ខដល់កងកម្លាំងនាឱកាសនោះ  នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួនទៅឧបត្ថម្ភផងដែរ ៕

ដោយ៖ ស សម


ចែករំលែក៖