ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណ:ប្រតិភូវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាពបន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអុីស្រាអែល

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាពបន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអុីស្រាអែលចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ 

បន្ទាប់ពីបានបំពេញភារកិច្ចដ៏មមាញឹកអស់រយ:ពេល ៥ថ្ងៃរួមមក ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលតាមការរំពឹងទុកដែលសង្ខេបជូនជាបន្តបន្ទាប់ដូចខាងក្រោម ÷ 

១- បានជួបពិភាក្សាការងារជាមួយលោក Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក Janathan Tzedakah តំណាងក្រសួងការបរទេសស្តីពី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអុីស្រាអែល រយ:ពេល ១១ខែ។ 

២- រដ្ឋាភិបាលអុីស្រាអែលបានឯកភាពបង្កើនកូតានិស្សិតចំនួន ៥០នាក់/ឆ្នាំ បន្ថែមទៀតសរុប  កើនដល់ ២៥០នាក់/ឆ្នាំ សម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ 

៣- លោករដ្ឋមន្ត្រី Oded Forer បានបញ្ជាក់ថាជំហានបន្ទាប់គឺត្រូវផ្សាភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរដើម្បីចាប់យកកាល្លានុវត្តភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូវិនិយោគ និងធ្វើកសិ-ពាណិជ្ជកម្មនាពេលអនាគតដ៏ខ្លី។ 

៤- ភាគីកម្ពុជាបានស្នើទៅភាគីអុីស្រាអែល ឲ្យជួយពិចារណា និងពិនិត្យលទ្ធភាពកសាងមជ្ឈមណ្ឌលមួយនៅកម្ពុជាដែលវាដើរតួនាទីជាកន្លែងបណ្តុះបណ្តាល និងធ្វើបង្ហាញអំពីបច្ចេកវិទ្យាកសិកម្មដែលរដ្ឋអុីស្រាអែលឈានមុខមានដូចជាប្រព័ន្ធដំណក់ទឹក ការដាំបន្លែក្នុង ផ្ទះសំណាញ់ និងការធ្វើកសិ-ធុរកិច្ច។ល។ ចំពោះសំណើនេះ ភាគីអ៊ីស្រាអែលថានឹងយកទៅពិនិត្យ ពិចារណា និងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធមួយជំហានសិនក្នុងពេលឆាប់ៗខាងមុខ។ 

៥- បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់វគ្គកម្មសិក្សារយ:ពេល ១១ខែ (ឆ្នាំសិក្សា២០២១-២០២២)។ ក្នុងចំណោមនិស្សិត ២០០នាក់ មាននិស្សិត ២នាក់ជាស្រ្តីបានទទួលលិខិតសរសើរ បញ្ជាក់អំពីមានស្មាដៃឆ្នើមនៅពេលបំពេញការងារ។ 

៦- តាមរយ:ជំនួបពិភាក្សាការងារជាមួយលោកស្រី Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV (Israel’s Official International Development Cooparetion Program) និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល ថារដ្ឋាភិបាលអ៊ីស្រាអែលនឹងពិនិត្យជាមួយភាគីកម្ពុជា ពិចារណាលើគម្រោងចំនួនពីរ ទី១- គម្រោងស្តីពី “កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សទាំងសម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្ពុជា និងផ្តល់ឱកាសឲ្យមន្រ្តីក្រសួងបានចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិលើប្រធានបទសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ធុរកិច្ច ការគ្រប់គ្រង និងដឹកនាំសហគ្រិន និងការប្រែប្រួលអាកាសធាតុ” និងទី២-គម្រោងស្តីពី “ការពិនិត្យ តាមដានសកម្មភាព ផ្តល់ប្រឹក្សាយោបល់អំពីផែនការអាជីវកម្ម ដំណោះស្រាយបញ្ហាលើការអនុវត្តបច្ចេកទេស និងឧបត្ថម្ភទុន។ល។ ដល់និស្សិតដែលបានបញ្ចប់វគ្គកម្មសិក្សានេះ” និងចេញទៅប្រកនអាជីវកម្មផ្ទាល់ខ្លួន។ 

៧- វិស័យឯកជនទទួលបានចំណេះដឹកទាក់ទងការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធស្រោចស្រពទឹកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លើដំណាំ។ បច្ចុប្បន្នការប្រើប្រព័ន្ធដំណក់ទឹកក្នុងកសិដ្ឋានត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពដោយសារ ប្រើបរិមាណទឹកតិច គ្រប់គ្រងការលូត លាស់រុក្ខជាតិគ្មានប្រយោជន៍ និងការលូតលាស់ពពួកបាក់តេរី និងផ្សិតចង្រៃបានល្អ ប្រើប្រាស់ជីចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ដំណាំ កាត់បន្ថយស្តេសរបស់ដំណាំដោយ សារបរិមាណទឹកជោគជាំពេក កាត់បន្ថយពលកម្ម និងទទួលបានទិន្នផលខ្ពស់ (សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ីស្រាអែលបានប្តូរបច្ចេកទេសរាយទុយោលើផ្ទៃដី មកបង្កប់ក្នុងដីវិញ)។ 

៨- ជាការឆ្លើយតប ក្រុមហ៊ុន Netafim បានឯកភាពថានឹងពិនិត្យលទ្ធភាពសហការជាមួយអគ្គនាយកដ្ឋានកសិកម្មរៀបចំធ្វើពិសោធន៍មួយដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពតំណក់ទឹកលើដំណាំស្រូវនៅរដូវប្រាំងនៅស្ថានីយផលិតពូជស្រូវកម្ពុជាដើម្បីចង់ដឹងអំពីទិន្នផល ការគ្រប់ គ្រងរុក្ខជាតិគ្មានប្រយោជន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ច។ 

៩- ពិនិត្យកសិដ្ឋានចិញ្ចឹមត្រី: វិស័យឯកជនទទួលបានចំណេះដឹងអំពីការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម ការគ្រប់គ្រងគុណភាពទឹកក្នុងស្រះចិញ្ចឹមត្រី ការប្រើប្រព័ន្ធកសិដ្ឋានវៃឆ្លាត និងការទាញយកថាមពលពន្លឺព្រះអាទិត្យមកប្រើ ដើម្បីកាត់បន្ថយថ្លៃដើមផលិត។

១០- ពិនិត្យកសិដ្ឋានគោទឹកដោះ ដែលក្នុងកសិដ្ឋានមាននិស្សិតកម្ពុជាធ្វើការចំនួន ៤នាក់។ ក្មួយៗបានឲ្យដឹងថាអត្ថប្រយោជន៍សំខាន់ពីរយ៉ាងសម្រាប់វគ្គកម្មសិក្សានេះគឺទី១- ទទួលបានចំណេះដឹង បទពិសោធន៍ទាំងចំណេះជំនាញ វិន័យ របៀបធ្វើការ និងជីវិតរស់នៅក្នុងប្រទេសគេ និងទី២- ពួកគេនឹងនាំយកបទពិសោធន៍ល្អៗនេះទៅកសាងអនាគតខ្លួនឯង និងចូលរួមអភិវឌ្ឍវិស័យកសិកម្ម។

១១- ទស្សនកិច្ចនៅក្រុមហ៊ុន BIOBEE (Biological System)÷ បានយល់ដឹងអំពីការគ្រប់គ្រង់សមាសភាពចង្រៃក្នុងផលិតកម្មដំណាំតាមរយៈការប្រើប្រាស់សត្វល្អិតមានប្រយោជន៍ (Integrated Pest Management, IPM) ការបង្កាត់លម្អងតាមបែបធម្មជាតិសម្រាប់កិច្ចការពារដំណាំ បង្កើនផលិតភាពផលិតផល និងកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី មិនប៉ះពាល់ដល់បរិស្ថាន អ្នកដាំដុះ និងសុវត្ថិភាពដំណាំ។ លោករដ្ឋមន្ដ្រីស្នើដល់ AgroStudies និងក្រុមហ៊ុន BIOBEE ជួយចាត់បញ្ជូន និងទទួលយកនិស្សិតមកសិក្សារៀនសូត្រនៅក្រុមហ៊ុននេះសម្រាប់ឆ្នាំសិក្សាខាងមុខ ជាពិសេសពិនិត្យលទ្ធភាពបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងវែងផ្នែកបច្ចេកទេសជូនដល់មន្ត្រីជំនាញ។ AgroStudies  និង ក្រុមហ៊ុន BIOBEE បានឯកភាពទទួលសំណើរក្នុងការរៀបចំកម្មវិធីសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ។ 

១២- ទស្សនកិច្ចសហព័ន្ធសហករណ៍ Granot ធំជាងគេទីពីរក្នុងរដ្ឋអ៊ីស្រាអែល។ វិស័យឯកជន និងក្រុមយុវជន ក៨ បានយល់ដឹងបន្ថែមអំពីការរៀបចំ ចងក្រង និងជ្រើសរើសថ្នាក់ ដឹកនាំ ក្រុមប្រឹក្សាភិបាល ការដឹកនាំ គ្រប់គ្រង ចំណាយ ចំណូលប្រចាំឆ្នាំ គោលនយោបាយអភិវឌ្ឍវិស័យសហគមន៍។ លោក Sharon នាយកសហព័ន្ធសហករណ៍ បានជូនយោបល់ថា សម្រាប់កម្ពុជាគួរចងក្រង និងប្រមូលផ្តុំសហគមន៍រួមគ្នា រៀបចំគោលនយោបាយដឹកនាំ គ្រប់គ្រង និងហិរញ្ញវត្ថុឲ្យមានភាពប្រទាក់ក្រឡា អភិបាលកិច្ចល្អ បង្កើតសុខដុមនីយកម្មរវាងសហគមន៍និងសហគមន៍។ ស្វាគមន៍ភាគីកម្ពុជាមកសិក្សារៀនសូត្រ សហព័ន្ធសហករណ៍ Granot រង់ចាំផ្តល់ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖