ព័ត៌មានទាន់ហេតុការណ៍៖

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៣១៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ,ខណៈករណីគ្រោះថ្នាក់​ចរាចរណ៍​នៅថ្ងៃ​ទី​០១​ ខែកញ្ញានេះ!​ កើតឡើង​៩​លើក​ ស្លាប់​៦​នាក់​ របួស​ ១២​នាក់​នៅ​ទូ​ទាំង​ប្រទេស​

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៤៥​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.៧៩៣​គ្រឿង​ ម៉ូតូ​ចំនួន​ ១.៧៨១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ៣១៨​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៣០៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​០១​ថ្ងៃ​នៃ​ខែកញ្ញា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ បានបញ្ជាក់ថា​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​៦​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៦​នាក់​ (​ស្រី​៤​នាក់​)​ របួសស្រាល​ ៦​នាក់​(​ស្រី​៣​នាក់​)​ ។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៨​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៩​លើក​។ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​៕

ដោយ​៖​ស​ តារា​


ចែករំលែក៖