ខេត្តកំពង់ស្ពឺ៖ ភ្នំឱរ៉ាល់មានកម្ពស់ ១.៨១៣ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថានដែលបានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ភ្នំឱរ៉ាល់ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ មានផ្ទៃដីជិត១លានហិកតា សម្បូរទៅដោយតំបន់ទេសភាពធម្មជាតិស្អាតៗ ដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកកម្សាន្តដែលនិយមឡើងភ្នំខ្ពស់ និងទទួលបានបទពិសោធន៍ថ្មីហ្វឹកហាត់ខ្លួនឯងជាមួយការតាំងចិត្ត ការស្រឡាញ់ ការជួយគ្នា ការផ្ដល់កម្លាំងចិត្ត និងការលះបង់។
ចុងក្រោយអ្នកនឹងរីករាយ និងមានមោទកភាពជាមួយនឹងការចងចាំ ការស្គាល់ខ្លួនឯង អ្នកដទៃ និងការបង្កើតទំព័រថ្មីជាមួយធម្មជាតិ នៃសៀវភៅជីវិតរបស់អ្នក៕
ដោយ៖សហការី