ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអោងសាន ស៊ូជីត្រូវតុលាការបន្ថែមទោស៣ឆ្នាំទៀត

ចែករំលែក៖

លោកស្រី អោងសាន ស៊ូជី ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ា ត្រូវបានតុលាការកាត់ទោសនៅថ្ងៃទី២ខែកញ្ញាពីបទបន្លំក្នុងការបោះឆ្នោតឱ្យជាប់ពន្ធនាគារ៣ឆ្នាំបន្ថែមទៀតជាមួយនឹងពលកម្មយ៉ាងលំបាក ។
លោកស្រីអោងសាន ស៊ូជី ត្រូវបានចោទប្រកាន់ទោសពីបទបន្លំនៅក្នុងការបោះឆ្នោតនាខែវិច្ឆិកាឆ្នាំ២០២០ ដែលក្នុងពេលនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានជ័យជម្នះដាច់នៅក្នុងការបោះឆ្នោតលើគណបក្សដឹកនាំដោយយោធា។
លោកស្រីអោងសាន ស៊ូជីធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីត្រូវបានយោធាផ្តួលរំលំកាលពីឆ្នាំ២០២១។ កម្លាំងយោធា បានឡើងគ្រប់គ្រងអំណាចដឹកនាំមីយ៉ាន់ម៉ានៅខែកុម្ភៈឆ្នាំ២០២១ ក្រោយការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី ដោយចោទប្រកាន់ពីបទបន្លំក្នុងការបោះឆ្នោត និងបំពានច្បាប់ទប់ស្កាត់កូវីដ-១៩។
លោកស្រី ស៊ូជី អាយុ៧៦ឆ្នាំ ត្រូវបានកាត់ទោសរយៈពេលជាងមួយឆ្នាំកន្លងមក ដោយជាប់ចោទពីបទល្មើសជាច្រើន ក្នុងនោះមានទាំងការធ្វើឱ្យបែកធ្លាយរឿងសម្ងាត់របស់ជាតិ។ ប្រសិនបើសរុបទោសទាំងអស់ដែលយោធាចោទប្រកាន់នោះ លោកស្រី ស៊ូជី នឹងជាប់គុកដល់ទៅ១៩០ឆ្នាំ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖