ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានយោលអូរឡាំងណេះនៅស្រុកកែវសីមារងការទ្រុឌទ្រោមដោយសារជំនន់ទឹកភ្លៀង ហាមពលរដ្ឋជិះម៉ូតូឆ្លងកាត់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃមកនោះបានបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋរយៈពេលខ្លី ប៉ុន្តែស្ពានយោលមួយកន្លែងរងការខូចខាតយ៉ាងខ្លាំង ដែលពេលនេះអាជ្ញាធរប្រកាសមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើយ។ 

    ស្ថានភាពស្ពានយោលមួយកន្លែងនេះស្ថិតនៅចំណុចអូរឡាំងណេះ ក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា បានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ ស្ពាននេះមានការស្រុតផ្អៀងចុះយ៉ាងខ្លាំង ហើយក្ដារដែលក្រាលលើស្ពានមានការបាក់ធ្លាក់ជ្រុះជាច្រើនកន្លែង ដែលពិបាកក្នុងការធ្វើដំណើរ ហើយប្រឈមខ្លាំងនៅពេលភ្លៀងធ្លាក់ព្រោះរអិល។ 

    ប្រជាពលរដ្ឋនៅចំណុចម្ដុំស្ពានយោលនេះបានរួមសាមគ្គីគ្នាធ្វើការជួសជុលដោយក្រាលក្តារឡើងវិញ ដើម្បីអាចប្រើប្រាស់ជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរឆ្លងកាត់ដោយមធ្យោបាយថ្មើរជើងតែប៉ុណ្ណោះ។ 

    កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងស្ពានយោល ហើយលោកមេឃុំមេម៉ង់ ក៏ដូចជាលោកមេប៉ុស្តិ៍បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងស្ពានយោលសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយអប់រំកូនចៅរបស់ខ្លួនកុំឱ្យឆ្លងស្ពាននេះនៅពេលដែលមានភ្លៀងធ្លាក់ ព្រោះខ្លាចរអិល ហើយក៏បានណែនាំផ្ដាំផ្ញើដល់លោកអនុប្រធានភូមិ និងប្រជាការពារភូមិ ដោយមិនអនុញ្ញាតឱ្យបើកបរម៉ូតូឆ្លងកាត់នៅលើស្ពាននេះឡើយ។

    ស្ពានយោលនេះអាចធ្វើដំណើរដោយថ្មើរជើងបានជាធម្មតា នៅពេលដែលពួកគាត់ជួសជុលរួចរាល់ហើយនោះ៕

ដោយ៖ សូរិយា


ចែករំលែក៖