ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខយាមនៅខុនដូមួយកន្លែងបានឆក់យកសោម៉ូតូភ្ញៀវរត់សំដៅទៅយកម៉ូតូជិះយកទៅបាត់នៅសង្កាត់បឹងកក់ទី១

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ធ្វើជាសន្តិសុខយាមនៅខុនដូយីហោ(TIME SQUARE)បានលួចលួចម៉ូតូភ្ញៀវដែលស្នាក់នៅខុនដូយកទៅបាត់មិនឃើញយកមកវិញឡើយ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុច ខុនដូយីហោ(TIME SQUARE) តាមបណ្ដោយផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ផា វ:រុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខុនដូកើតហេតុខាងលើបន្ទប់លេខ១៣ ជាន់លេខ១៣ មានស្រុកកំណើតនៅឯស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើជាសន្តិសុខយាមនៅខុនដូកើតហេតុខាងលើដោយមិនដឹងថាជាសន្តិសុខរបស់ខុនដូ ឬជាសន្តិសុខក្រុមហ៊ុនឯកជន បានយកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨  ពាក់ស្លាកលេខភ្នំពេញ1GZ-2975។

    បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានចុះពីបន្ទប់ស្នាក់នៅមកអង្គុយលេងនៅខាងក្រោមមុខខុនដូ ហើយបាននិយាយគ្នាលេងជាមួយសន្តិសុខនោះ លុះមួយសន្ធុះក្រោយមកស្រាប់តែសន្តិសុខនោះបានសុំខ្ចីសោម៉ូតូរបស់គាត់ថាជិះទៅទិញបាយមួយភ្លែត តែរូបគាត់មិនព្រមឲ្យ ខណៈនោះស្រាប់តែសន្តិសុខរូបនោះបានឆក់យកសោម៉ូតូរបស់គាត់រត់សំដៅទៅយកម៉ូតូនៅកន្លែងចំណត ហើយឡើងជិះយកទៅបាត់ ភ្លាមនោះរូបគាត់ស្មានតែសន្តិសុខធ្វើលេង ក៏អង្គុយរង់ចាំបាត់ៗមិនឃើញត្រឡប់មកវិញ ដោយដឹងថាប្រាកដជាសន្តិសុខនោះយកម៉ូតូគាត់ទៅបាត់មែន ទើបរូបគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖