ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងបានយកដែកបំពង់ទីបមកវាយទៅលើបុរសអនាថាជាអ្នករើសអេតចាយម្នាក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង០២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស្គូពី និងមួយគ្រឿងទៀតម៉ាកធូដេដោយមិនចាំស្លាកលេខ បានយកដែកបំពង់ទីបមកវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងពីមូលហេតុ រួចជនសង្ស័យក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
លោកអុឹង សុភ័ក្រ អធិការរងខណ្ឌទួលគោកបានប្រាប់ឱ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗលោកបានដឹកនាំកម្លាំងចុះមកធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗដែរ និងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បញ្ជាឱ្យកម្លាំងតាមស្វែងរកជនសង្ស័យជាបន្ទាន់តែក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ទៅហើយ។
លោកអធិការរងបានបន្តទៀតថាក្រោយមកលោកក៏បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប៉ុន្តែដោយសាររង់ចាំរថយន្តសង្គ្រោះបន្ទាន់យូរពេកលោកក៏បានបញ្ជាកម្លាំងរបស់លោកឱ្យលើកជនរងគ្រោះដាក់លើឡំប្រឺតាដើម្បីបញ្ជូនទៅសង្គ្រោះ ហើយខណៈដឹកជនរងគ្រោះមកដល់ពាក់កណ្តាលផ្លូវក៏ឃើញរថយន្តសង្គ្រោះបានមកដល់ រួចក៏នាំគ្នាលើកជនរងគ្រោះដាក់លើរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ