ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃសៅរ៍នេះ កងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានជិះរថយន្តតាមឃ្លាំមើលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងក្រុមការងាររបស់លោកចំនួនប្រមាណជិត១០០នាក់ដែលបាននាំគ្នាចាកចេញពីចម្ការចូលមកក្នុងក្រុងសៀមរាប។ លោកខឹម វាសនា និងក្រុមការងារបានចូលហូបអាហារក្នុងហាង១នៃក្រុងសៀមរាប ហើយបានបន្តដំណើរទៅផ្ទះជួលរបស់លោកនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
សេចក្តីរាយការណ៍បានឱ្យដឹងថា ទៅឯចំការរបស់លោកខឹមវាសនា មានមនុស្សចាកចេញជាបន្តបន្ទាប់ដែលឱសានវាទរបស់អាជ្ញាធរត្រូវបញ្ចប់ការជួបជុំត្រឹមថ្ងៃទី៥ខែ កញ្ញា នេះហើយ។ អាជ្ញាធររំពឹងថារហូតដល់ថ្ងៃទី ៥ ខែកញ្ញានោះ ស្ថានភាពនៅក្នុងចំការអាចនឹងអស់មនុស្សហើយ។ ប្រភពបានបន្ថែមថា លោកខឹម វាសនា នៅតែបញ្ជាក់ថា លោកមិនបានបង្ខំឲ្យនរណាជឿលោកនោះឡើយហើយក៏មិនបានចាប់បង្ខំឲ្យនរណានៅក្នុងចំការនោះដែរ។
ជាមួយគ្នានេះ មន្រ្តីក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងសមត្ថកិច្ចចម្រុះ បានចូលទៅសួរនាំចុងក្រោយ ហើយលោក ខឹម វាសនា បានសហការជាមួយសមត្ថកិច្ច ដោយបានយល់ព្រមជជែកការងារ និងព្រមទៅចំការវិញ ដើម្បីជូនដំណឹងដល់សកម្មជនរបស់លោកដែលកំពុងស្នាក់នៅក្នុងចំការឲ្យរំសាយវិញនាពេលឆាប់ៗនេះទៅតាមការស្នើសុំរបស់អាជ្ញាធរ។ ដោយឡែក សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋប្រមាណជា១០០០ នាក់បានមកចំការរបស់លោក ខឹម វាសនា ដើម្បីដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកក្រុមគ្រួសាររបស់ពួកគេ។
សូមបញ្ជាក់ថា ក្នុងកំឡុងចុងខែសីហា លោក ខឹម វាសនា បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួន ក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់៕
ដោយ៖ សូរិយា