ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានកសាងសំណុំរឿង និងស្រាវជ្រាវចាប់ជនល្មើស ទៀប ធួក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក គឹម ចេត្ថាវី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបានឱ្យដឹង នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះថា ចំពោះជនល្មើសមិនរាងចាលឈ្មោះ ទៀប ធួក ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺមន្ត្រីជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ និងសំណុំរឿងសម្អាតប្រាក់ រួមទាំងស្រាវជ្រាវរកជនល្មើសជាធរមាន ។

    លោក គឹម ចេត្ថាវី បានបន្តថា ជនល្មើសឈ្មោះ ទៀប ធួក នៅតែបន្តសកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់ឥតឈប់ឈរ ជាក់ស្តែងកាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២  កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផល អនុផលព្រៃឈើខុសច្បាប់ នៅចំណុចផ្លូវកែង ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហើយបានធ្វើសកម្មភាពព្យាយាមទំលាក់វត្ថុតាងជាផលអនុផលព្រៃឈើខុសច្បាប់ពីរថយន្ត រហូតបានបើកគេចរថយន្តចេញពីកន្លែកើតហេតុ ។

     លោក គឹម ចេត្ថាវី បានបន្ថែមថា ចំពោះកាលថ្ងៃទី០៣ ខែកញ្ញា កន្លងមកថ្មីនេះ កម្លាំងនគរបាលស្រុកំពង់ស្វាយបានចូលរួមជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្ទោងបានឃាត់រថយន្តខាងលើនេះបានមួយដង្ហើមចង្រិតស្រាប់តែរថយន្តដឹកបទល្មើសផល អនុផលព្រៃឈើរបស់ជនល្មើស ទៀប ធួក គេចបាត់ស្រមោលទាំង ជនល្មើស និងរថយន្ត ចំណែកវត្ថុតាងដែលបក្សពួកជនល្មើសឈ្មោះ ទៀប ធួក ទំលាក់ចោលនោះត្រូវបានមន្ត្រីជំនាញអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ប្រមូលយករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ។ 

    សូមបញ្ជាក់ថា ស្របពេលកម្លាំងសមត្ថកិច្ចចម្រុះទៅដល់ សង្កេតឃើញថា មានមនុស្ស ៤នាក់បានធ្វើសកម្មភាពទម្លាក់ផល អនុផលព្រៃឈើចេញពីរថយន្ត ដើម្បីលុបបំបាត់ភស្តុតាងចេញពីរថយន្ត ហើយបើករត់ចេញពីកន្លែងហេតុដោយសុវត្ថិភាព។

    ទង្វើទាំងអស់នេះមហាជនកំពុងងឿងឆ្ងល់ថា ជនល្មើសដឹកជញ្ជូនព្រៃឈើយ៉ាងសកម្មខាងលើនេះហ៊ានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បានយ៉ាងរលូន ទាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្ទោង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់នៅកន្លែងកើតហេតុដូចម្តេច។ 

    មហាជនខ្លះទៀត ក៏បញ្ចេញមតិថាប្រសិនជាមន្ត្រីរដ្ឋបាលព្រៃឈើស្ទោង គ្មានឆន្ទៈពិតប្រាកដមែន រថយន្តដឹកបទល្មើសផល អនុផលព្រៃឈើខាងលើមិនអាចបើករត់គេចបាននោះទេ។ ទាំងអស់នេះហើយទើបមហាជនដាក់ការសង្ស័យថាមន្ត្រីរដ្ឋបាលព្រៃឈើស្ទោង បើកភ្លើងខៀវឲ្យរត់គេចជាថ្នូរ និងលាភសក្ការៈ។

     រំលឹកថាជនល្មើសឈ្មោះ ទៀប ធួក បានប្រព្រឹត្តដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញបានបង្ក្រាប

ទី១ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ជនល្មើសខាងលើនេះបានប្រព្រឹត្តប្រមូល ផលអនុផលព្រៃឈើ ត្រង់ចំណុច ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក បានដុតបំផ្លាញវត្ថុតាង រួមទាំងគម្រាមសមត្ថកិច្ចជំនាញផងដែរ ។

ទី២ ឃាត់ចាប់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3A-0146 កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើចំនួន ២៤ស្ទែរ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុច ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

និងទី៣ កាលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផល អនុផលព្រៃឈើខុសច្បាប់ នៅចំណុចផ្លូវកែង ស្ថិតនៅក្នុងភូមិរូងឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕

ដោយ៖កែវ មន្នី


ចែករំលែក៖