ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៨ខែឆ្នាំ២០២២នេះ! កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១២៣ ក្រោមទុនវិនិយោគជិត ៣៣០០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបញ្ជាក់ថា​ រយៈពេល៨ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១២៣គម្រោង ក្រោមទុនវិនិយោគប្រមាណជិត ៣,៣០០លានដុល្លារ។

របាយការណ៍ដដែល​ បន្តថា​ គម្រោងវិនិយោគទាំង១២៣គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

បេី​តាមការបញ្ជាក់ពី​លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ​ ក៏បានបញ្ជាក់ដែរថា៖ លទ្ធផលនៃការមកវិនិយោគ រយៈពេល៨ខែនេះ ឃើញថា មានភាពល្អប្រសើរ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងឈ្នះលើកូវីដ ដែលធ្វើឲ្យអ្នកវិនិយោគិនផ្សេងៗ សម្លឹងឃើញកម្ពុជា កាន់តែមានសក្ដានុពល។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ បានលើកឡើងបនកថែមថា ទន្ទឹមពេលដែលកម្ពុជា អនុវត្ដនៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ជាមួយចិន និងបន្ដិចទៀត ជាមួយកូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលធ្វើការមកវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។

បន្ថែមពីនេះ​ លោកអនុប្រធានសភាពាណិជ្ជកម្ម​ បានបញ្ជាក់ទៀតថា កម្ពុជាបានដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលការលើកទឹកចិត្តច្រើន ជាឈ្នាន់មួយសម្រាប់ទាក់ទាញការវិនិយោគ ក៏ដូចជាការចុះបញ្ជី នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ។​ លោកបន្តថា ការមកចុះបញ្ជីវិនិយោគនេះ ឃើញភាគច្រើនជាវិស័យគាំទ្រ ដូចជា៖ ផ្នែកកសិកម្ម, ផ្នែកឧស្សាហកម្ម ធុនមធ្យម និងធុនធ្ងន់ ដូចជាការដំឡើងរថយន្ត, ការដំឡើងគ្រឿងបង្គុំផ្សេងៗ ហើយក៏ដូចជាឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត និងវិស័យរ៉ែ ថាមពល និងរ៉ែលោហៈផ្សេងៗ ដែលបានចាប់ផ្ដើមដំណើរការវិនិយោគ។

ដោយឡែក​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា​ ក៏ធ្លាប់លេីកឡេីងដែរថា៖ អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលវិនិយោគនៅកម្ពុជា។ ការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន មានវិធានការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ បានដល់អត្រាខ្ពស់បំផុត ដែលធ្វើឲ្យមានភាពសុំាសហគមន៍៕

ដោយ​៖សហការី​


ចែករំលែក៖