ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, កាលនៅក្នុងជំនួបនាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារជាមួយ លោក Gerardo Geñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា អំពីការត្រៀមរៀបចំសម្រាប់ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ជាមួយក្តីរំពឹងទុកយ៉ាង មុតមាំថា ការផ្លាស់ប្តូរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកអនុរដ្ឋមន្ត្រីការបរទេសទី១ Gerardo Geñalver Portal ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២២ បានវាយតម្ល ខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា និងបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងពង្រឹងកិច្ចសហ ប្រតិបត្តិការនៅក្នុងវិស័យទាំងនេះបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការ ផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយ ព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យកិច្ច ប្រជុំពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ រិះរក វិធីនិងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត។
លោក Gerardo Penalver Portal បានកោតសរសើរចំពោះជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបដោយសម្តែងនូវចំណាប់អារម្មណ៍ចំពោះកម្លាំងសេដ្ឋកិច្ច របស់ប្រទេសគុយបា។ ទាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ រវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី និងលោក Gerardo Penalver Portal បានពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និងគុយបា ផងដែរ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះការចូលរួមរបស់គុយបាក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅឆ្នាំ ២០២០។ លោកឧបនាយករដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវអំពីបញ្ហាក្តៅ និងការប្រឈមនានា ដែល កម្ពុជាបាននិងកំពុងប្រឈមក្នុងនាមប្រធានអាស៊ានប្តូរវេន។ លោក Gerardo Penalver Portal បានអបអរសាទរចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរកម្ពុជាសម្រាប់ ការដោះស្រាយការប្រឈមទាំងនោះជាមួយនឹង «ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ”។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ | Gerardo Peñalver Portal ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជា ចំណាប់អារម្មណ៍រួម និងមានការប្ដេជ្ញាចិត្តរួមគ្នា បន្តការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។
នៅក្រោយជំនួបនេះ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយលើកទី២ ជាមួយលោក Gerardo Peñalver Portal៕
ដោយ ៖ សិលា