ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករនិយោជិត នៃក្រុមហ៊ុន YAO TAI SHOES CO., LTD ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ តទៅ។
យោងតាមសេចក្តីជូនជំណឹងនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងចាប់ផ្ដើមបើកផ្តល់ថវិកាបុរេប្រទានរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូន ចាប់ពីម៉ោង ១៤:០០ នាទីរសៀល ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ តទៅ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ដែលមានទីតាំងស្ថិតនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដូច្នេះសូមបងប្អូនកម្មករ និយោជិត យកមកជាមួយនូវឯកសារមួយចំនួន ដូចខាងក្រោម៖
១. ប័ណ្ណសម្គាល់ខ្លួនកម្មករ និយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។ អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ និយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី