ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិកើតឡើងក្រោយឆ្នាំ១៩៧៩ គឺការទទួលបាននូវធនធានមនុស្សដែលមានសមត្ថភាព

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែង​គូសបញ្ជាក់យ៉ាងដូច្នះថា៖ សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិ ដែលកើតឡើងក្រោយឆ្នាំ១៩៧៩ ដោយផ្អែកលើការផ្តល់អាទិភាពលើការអនុវត្តគោលនយោបាយ និងចក្ខុវិស័យលើវិស័យអប់រំតាំងពីជំនាន់នោះមក គឺការទទួលបាននូវធនធានមនុស្សដែលមានសមត្ថភាព លទ្ធភាព គុណធម៌ និងសីលធម៌ និងដែលបានចូលរួមក្នុងការដឹកនាំ គ្រប់គ្រង កសាង និងអភិវឌ្ឍប្រទេសដោយឯករាជ្យម្ចាស់ការលើគ្រប់វិស័យ ទាំងផ្នែករដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

លោកបណ្ឌិត ហ៊ុន​ ម៉ាណែត​ បានថ្លែង​បន្តថា ទាំងនេះ គឺជាមោទនភាព ហើយដែលយើងត្រូវរួមគ្នាបន្តពង្រឹងទៅមុខទៀត ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ធនធានមនុស្សម្នាក់ គឺជាសសរមួយដើមដែលទ្រទ្រង់ប្រទេសជាតិ ជាពិសេសសរជំនាន់ថ្មីៗដែលទទួលបានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ គឺត្រូវខិតខំកសាងពង្រឹងខ្លួនឱ្យបានរឹងមាំ ដើម្បីទ្រទ្រង់ និងទទួលបន្ទុកភារកិច្ចបន្តកសាងប្រទេស ដែលចេះតែរីកចម្រើនធំធាត់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។ គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងត្រូវប្រើពេលវេលាខ្លះដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំពោះគម្លាតខួរក្បាល គឺអាចត្រូវបានដោះស្រាយបានលឿនជាង ប្រសិនបើយើងមានឱកាសអប់រំសិក្សារៀនសូត្រ និងការបង្កលក្ខណៈ ជាពិសេសក្នុងដំណាក់កាលសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះថាមនុស្សមានសមត្ថភាពខួរក្បាលដូចគ្នាដើម្បីអភិវឌ្ឍខ្លួនទៅមុខ ដោយមិនបែងចែងរវាងជាតិសាសន៍ និងប្រទេសតូចធំនោះឡើយ។

ឆ្លៀតនាឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសរំលេចទៀតថា ការអភិវឌ្ឍ ខុសពីកំណើន។ កំណើនសំដៅតែទៅលើការកើនឡើងតួលេខ ឬលទ្ធផលប៉ុណ្ណោះ។ រីឯការអភិវឌ្ឍ គឺត្រូវពឹងផ្អែកទៅលើការកែប្រែប្រព័ន្ធការងារក្នុងការដឹកនាំគ្រប់គ្រង, ផ្នត់គំនិត និងវិធីសាស្ត្រ ពីលក្ខណៈប្រពៃណីដោយឈានទៅទំនើបកម្ម ព្រមទាំងការប្រែប្រួលរបៀបរបបធ្វើការទាំងលក្ខណៈបុគ្គល និងស្ថាប័ន ដើម្បីអាចធានាបាននូវចីរភាព និងនិរន្តរភាពយូរអង្វែង។ ក្នុងន័យនេះ ការអភិវឌ្ឍមិនអាចនៅនឹងថ្កល់នោះទេ ហើយទាមទារឱ្យមានប្រព័ន្ធអប់រំមួយរស់រវើស ដែលត្រូវជំរុញទាំងការសិក្សារៀនសូត្រដោយខ្លួនឯងតាមរយៈការស្រាវជ្រាវ និងការរៀនក្នុងបរិយាកាសខាងក្រៅ តាមប្រព័ន្ធសាលារៀន និងកន្លែងធ្វើការ ជាដើម។

សម្រាប់ទិសដៅទៅអនាគត លោកបណ្ឌិត ហ៊ុន​ ម៉ាណែត​ ក៏បានបញ្ជាក់បន្ថែមថា គន្លឹះធំបំផុតនៃការកសាងធនធានមនុស្ស គឺការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋម រហូតដល់ថ្នាក់ទី១២ ជាពិសេសនៅតាមបណ្តាគ្រឹះស្ថានរដ្ឋ ដោយសារនេះ គឺជាមូលដ្ឋានគ្រឹះដើមដំបូង ដែលត្រូវចម្រាញ់យកគុណភាពឱ្យបានជាចាំបាច់ ពីព្រោះគុណភាពអាស្រ័យជាចម្បងលើការផ្តល់ការអប់រំ និងហាត់ពត់លត់ដំតាំងពីក្មេងវ័យ ជាពិសេសនៅក្នុងមជ្ឈដ្ឋានសាលា និងគ្រួសារតែម្តង ដើម្បីទទួលបាននូវធនធានមនុស្ស ដែលគ្រប់ជ្រុងជ្រោយ ទាំងលើកត្តាសមត្ថភាពចំណេះដឹង, សុខភាព, គុណធម៌, សីលធម៌, វិន័យ និងការទទួលខុសត្រូវ ព្រមទាំងបន្ថែមដោយការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌-អរិយធម៌ផងដែរ សំដៅធ្វើយ៉ាងណាឱ្យទំពាំងស្នងឫស្សីរបស់យើង អាចធ្វើការវិភាគចាប់យកអ្វីល្អ បោះចោលអ្វីមិនល្អ និងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ជារួម នេះគឺជាអភិក្រមនៃការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលផ្តោតទៅលើការកែប្រែផ្នត់គំនិតនៃការប្រកួតប្រជែង និងការជឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយត្រូវអនុវត្តចាប់ពីអាយុក្មេងវ័យឡើងមក។

បន្ថែមពីនេះ​ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផល ដែលនិស្សិតជ័យលាភីទាំងអស់ទទួលបានក្នុងថ្ងៃនេះ និងក៏ជាមោទនភាពមួយដ៏ធំធេងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដោយពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិយើង កាន់តែមានធនធានមនុស្សប្រកបដោយសក្តានុពលបន្តកើនឡើង។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែសម្រួលស្ថានការណ៍ និងដាក់ទិសដៅបន្ទាន់ ដោយរៀបចំឱ្យមានការបង្រៀនតាមអនឡាញ និងសូមអរគុណផងដែរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមសម្របសម្រួលបត់បែនតាមកាលៈទេសៈនេះ។ ក្នុងន័យនេះ ស្ថានភាពនៃវិបត្តិកូវីដ-១៩ ពិតជាបានពន្លឿននូវការចាប់យកបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការរៀនសូត្រ ដែលជានិន្នាការសាកល។ យ៉ាងណាក៏ដោយ ទាំងបច្ចុប្បន្ន និងតទៅអនាគត រាជរដ្ឋាភិបាលក៏នៅបន្តកសាងសាលារៀន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញ និងរក្សាសន្ទុះនៃការសិក្សាដោយផ្ទាល់នៅក្នុងសាលា ដែលនៅតែជាការងារសំខាន់ជាអាទិភាព ពីព្រោះការអប់រំត្រូវមានលក្ខណៈមូលជុំគ្រប់ជ្រុងទាំងអស់តាមរយៈសកម្មភាព ទំនាក់ទំនង និងការគិតពិចារណា ទើបអាចធានាបាននូវប្រសិទ្ធភាពជាក់ស្តែងទាន់ពេលវេលា៕

ដោយ​៖ស​ តារា​


ចែករំលែក៖