ព័ត៌មានទាន់ហេតុការណ៍៖

បណ្ឌិត សុខ ទូច ថ្លែងថា ព្រៃឈើឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹបនៅតែរងការកាប់បំផ្លាញ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បានបន្តការល្បាតនិងបានរកឃើញការកាប់បំផ្លាញដើមឈើសុក្រំចំនួន៧ទីតាំង និងដើមផ្ចឹកចំនួនមួយទីតាំង។ 

ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ យើងបានកំណត់មុខសញ្ញាអ្នកដែលបានចូលកាប់ឈើ គឺជាអ្នកដែលមកតាំងទីលំនៅថ្មី ក្រោយព្រះរាជ្យក្រឹត្យដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាតំបន់អភិរក្ស ក្នុងឆ្នាំ២០១៤។ 

កន្លងមកយើងបានរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះ ទៅរស់នៅទីតាំងថ្មី ដែលមានទំហំ 30 X 50m នៅជិតនឹងសាលារៀន វត្តអារាម និងមានអណ្តូងទឹកសម្រាប់ប្រើប្រាស់ និងបានអនុញ្ញាតដល់ពួកគាត់អាចមកអាស្រ័យផលនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាបានជាធម្មតា ប៉ុន្តែពួកគាត់មួយចំនួនធំនៅបន្តរស់នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាដដែល ហើយពេលខ្លះគាត់បានចូលទៅកាប់ឈើនៅពេលយប់ ។

ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ពិតជាថ្លែងអំណរគុណដល់អាជ្ញាធរដែលពាក់ព័ន្ធ ដែលតែងជួយសហការនិងសម្របសម្រួលការងារជាមួយក្រុម ការងារយើងកន្លងមក ក៏ប៉ុន្តែហាក់នៅមិនទាន់មាន ប្រសិទ្ធភាពនៅឡើយ ត្បិតកន្លងមកយើងបានប្រមូលនូវវត្ថុតាងជាច្រើន ដូចជាអាវុធកែច្នៃ និងឈើដែលបានរក្សាទុក ព្រមទាំងបានរាយការណ៍ដល់ថ្នកាដឹកនាំស្រុកជារឿយៗ។ 

ទន្ទឹមនឹងនេះ យើងមានជំនឿយ៉ាងមុតមាំថា នៅក្រោមការដឹកនាំនិងគ្រប់គ្រងរបស់គណអភិបាលថ្មីខេត្ត ព្រះវិហារព្រមទាំងលោកអភិបាលស្រុកឆែប នឹងបន្តជួយគាំទ្រសហការដល់ក្រុមការងារយើង ក្នុងការពន្លឿននីតិវិធីដែលនៅសេសសល់ទាំងឡាយ សំដៅរក្សាធនធានព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖