ហាណូយ ៖ លោក ឃួង ស្រេង បានអញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុន CNTY.EUZY គម្រោងសាងសង់រោងចក្រថាមពលហាណូយ វៀតណាម ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្នុង គោលដៅរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ក្នុងនាមទីក្រុងសម្ព័ន្ធមេត្រីភាព ទាំង២ រាជធានីភ្នំពេញ និងទីក្រុង ហាណូយ ។
នៅថ្ងៃទី៥ ខែកញ្ញានេះ ប្រតិភូសាលា រាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង អមដំណើរដោយលោកចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយម វៀតណាម និងលោក NGUYEN TRONG DONG អភិបាលរងរដ្ឋធានី ហាណូយ បានអញ្ជើញទៅទស្សនាទិដ្ឋភាពទូទៅនៃសម្ព័ន្ធក្រុមហ៊ុន CNTY.EUZY និងគម្រោងសាងសង់ រោងចក្រថាមពល សកម្មភាពភាព និង គម្រោងបច្ចេកទេសរបស់ក្រុមហ៊ុន ថាមពលពីកាកសំណល់ SOC.SON នៃ បរិស្ថានរដ្ឋធានីហាណូយ និងគម្រោងរោងចក្រអគ្គិសនីបំប្លែងចេញពីកាកសំណល់ Soc Son ។
តាមការបញ្ជាក់ពីលោកLi Ai Jun អគ្គនាយករងក្រុមហ៊ុនCNTY.EUZY បានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន CNTY. EUZY ត្រូវបានបង្កើតឡើងនៅទសវត្សឆ្នាំ១៩៥០ ។ ឆ្លងកាត់រយៈពេលជាច្រើន ឆ្នាំ ដំណើរការអភិវឌ្ឍន៍មានសកម្មភាពយ៉ាងខ្លាំងក្លា។ បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភព លោក ក្នុងវិស័យប្រតិបត្តិការ បរិស្ថាន ទីក្រុង ដែលមានវិសាលភាពនៅក្នុង ប្រទេសជាង៣០មានរោងចក្រកម្ចាត់កាក សំណង់រឹងជាង៣០០កន្លែងនៅទូទាំង ពិភពលោក ដោយមានសមត្ថភាពកែច្នៃរហូតរាប់ពាន់តោនក្នុងមួយថ្ងៃ ជាមួយ បុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះ មានបុគ្គលិកជាង៦ម៉ឺននាក់ជាជាតិអឺរ៉ុប។ ជាមួយគ្នានេះក៏បានកាត់បន្ថយកាកសំណល់ លើកកម្ពស់ប្រសិទ្ធភាពនៃ ការប្រើប្រាស់ដីធ្លី និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីការស្វាគមន៍របស់ រដ្ឋបាលរាជធានីភ្នំពេញប្រសិនបើបណ្តា ក្រុមហ៊ុនពីវៀតណាមមានបំណង វិនិយោគលើការកែច្នៃ និងបម្លែង កាកសំណល់សំរាមទៅជាថាមពលអគ្គិស នី និងបម្លែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាម បំបាត់ក្លិន ជាដើម ។
លោកអភិបាលបានគូសបញ្ជាក់ប្រាប់ ទៅភាគីមិត្តពីដំណើរការអភិវឌ្ឍន៍ រាជធានីភ្នំពេញយ៉ាងឆាប់រហ័សដែលការអភិវឌ្ឍដ៏លឿនបែបនេះក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា។ លោកអភិបាលបន្ថែមទៀតថា រាជធានី ភ្នំពេញដែលកំពុងរីកចម្រើនយ៉ាងលឿន បែបនេះ បញ្ហាប្រឈមតែងកើតមាន ដូចជា ៖ បញ្ហាចរាចរណ៍ ,សំណង់ ពិសេសបញ្ហាបរិស្ថាន , ប្រព័ន្ធលូជាពិសេសបញ្ហាសំរាមនេះតែម្តង ដែល រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការលើកកម្ពស់ បរិស្ថានទីក្រុង រួមជាមួយដៃគូអភិវឌ្ឍន៍ មួយចំនួនទៀតផងដែរ ។
លោក ឃួង ស្រេង ឱ្យដឹងទៀតថា រាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សប្រមាណជាងបីលាននាក់។ ចំណែកបរិមាណសំរាមបាន កើនឡើងរហូតដល់ជាង៣ពាន់តោនក្នុង មួយថ្ងៃ ហើយនៅពេលខាងមុខ រាជធានី ភ្នំពេញនឹងបង្កើតទីលានចាក់សំរាមថ្មី ចំនួនពីរកន្លែងបន្ថែមទៀត ស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាមចំនួនបីកំពុងប្រតិបត្តិប្រមូលសំរាមក្នុងរាជធានី ភ្នំពេញសព្វថ្ងៃនេះ ៕
ដោយ ៖ សំរិត